ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដែកធុនធំបើកបុកម៉ូតូ ស្លាប់ម្នាក់នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តដឹកដែកធុនធំ បើកបុកម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលអោយអ្នកជិះម៉ូតូ បោកក្បាលធ្លាយខួរ ស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុចំណែកឯបើកបររថយន្តបានរត់គេចខ្លួន ។ 

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​ ១២និង៣០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិ​ស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ 

នគរបាលចរាចរណ៍ស្រុកស្អាងបានអោយដឹងថា  មុនពេលកើតហេតុ​ មានម៉ូតូមួយគ្រឿង ម៉ាក​ហុងដាឌ្រីម  ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ព.4511 ភព1 បើកបរក្នុងទិសដៅ ពី​ជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) បើកបរដោយឈ្មោះ សុំ​ សួរ​ ភេទប្រុស​ អាយុ​៤៧ឆ្នាំ​ មុខរបរ​កសិករ​មានទីលំនៅ​ ភូមិ​អន្លង់តាសេកលើ ឃុំ​ព្រែកអំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​ (ពាក់មួកសុវត្ថិភាព)​លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌​ បៃតងខ្ចី​លាយស ពាក់ស្លាកលេខ​ ភ្នំពេញ​3D-8013  និង​សណ្ដោងរុឺម៉កមានស្លាកលេខភ្នំពេញ4A-4560 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​ រត់គេចពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចទៅដល់ (បើកបរក្នុងទិសដៅបញ្រ្ជាសទិសគ្នា)​ ពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ) បានមកបុកជាមួយនិងម៉ូតូ និងបានកិនម៉ូតូ ហើយបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ 

ក្រោយពី​បាន​ទទួល​ព័ត៌មាន​សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។ 

ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ 

ករណីនេះបណ្ដាលមកពី​អ្នកបើកបររថយន្ដ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ខ្ជីខ្ជា​ បើកបរក្នុងល្បឿនលឿន​ ទើបបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង​ ៕ ដោយ៖ឆ ដា


ចែករំលែក៖