ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានខ្មែរ ៖ ចៅមាណពនិងត្រីកន្ត្រប់

ចែករំលែក៖

កាលពីព្រេងនាយ មានចៅមាណពម្នាក់ប្រកបរបជាអ្នកកាប់អុស។ សម័យកាលថ្ងៃមួយ នៅពេលដែរអុសក្នុងព្រៃកាន់តែខ្សត់ទៅៗ ចៅមាណពក៏បែកគំនិត គិតចង់ប្រកបរបជាអ្នកនេសាទត្រីវិញម្តង។ គិតដូច្នេះហើយ ចៅមាណពក៏ទៅកាប់មែកឬស្សី ដើម្បីយកមកពត់ធ្វើជាដងសន្ទូច ហើយខំប្រឹងពត់ដែកដែលរើសបានពីគំនរអេតចាយ រហូតបង្កើតបានជាផ្លែសន្ទូចយ៉ាងខ្ញង់មួយ…។ ពេលរៀបចំបានសន្ទូចស្ទូចត្រីបានត្រឹមត្រូវហើយ ចៅមាណពគិតថានឹងយកសន្ទូចនេះទៅស្ទូចត្រីនៅបឹងរំដួល ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីខាងក្រោយផ្ទះ។

លុះព្រលឹមស្រាងៗឡើង ចៅមាណពឈប់កាន់កំបិតផ្គាក់ ដើរចូលព្រៃកាប់អុសដូចពីមុនទៀតហើយ។ ចាប់ពីពេលនេះទៅ ចៅមាណពនឹងបែរមកកាន់សន្ទូចដើម្បីស្ទូចត្រីចិញ្ចឹមជិវិតវិញម្តង។

ដោយសារមិនឆ្លាប់ដែលស្ទូចត្រី ទើបចៅមាណពមិនដឹងថា តើត្រូវប្រើនុយអីដើម្បីស្ទូចត្រីបានយកមកទទួលទាន? គិតចុះគិតឡើង ចៅមាណពក្រឡេកឃើញផ្កាននោងកំពុងរីក ដែលដាំនៅលើទ្រើងមុខផ្ទះ ក៏គិតថាបើប្រើនុយផ្កាននោងអាចបញ្ចោតត្រីមកស៊ីសន្ទូចបាន ព្រោះផ្កាវាមានពណ៌លឿងប្លែកល្អណាស់។ គិតរួច ចៅមាណពក៏ដើទៅបេះផ្កាននោងបានពីរបី ដាក់ចូលក្នុងថ្នក់ក្រមារហើយដើរសំដៅទៅបឹងក្រោយផ្ទះ។

ពេលធ្វើដំណើរដល់បឹងរំដួលភ្លាម ចៅមាណពក៏ដាក់បង្គុយនៅក្បែរមាត់បឹង ហើយចាប់ផ្តើមបិទដោយនុយផ្កាននោងដើម្បីស្ទូចត្រីភ្លាមៗដែរ។ ដូចការគិតរបស់ចៅមាណពមែន គ្រាន់តែបោះនុយផ្កាននោសឹងមិនទាន់ដល់ទឹកផងស្រាប់តែមានត្រីកន្រប់មួយ ប៉ុនបីធ្នាប់ដៃ ត្របាក់ស៊ីនុយផ្កាននោងភ្លាម ហើយចៅមាណពក៏វាត់សន្ទូចឆាប់ឡើងជាមួយនឹងទឹកចិត្តសប្បាយរីករាយដោយសារត្រីកន្ត្រប់នេះវាងាយចាញ់បញ្ឆោតផ្កាននោងពេក។

នៅពេលចាប់ត្រីកន្ត្រប់ដែលស្ទូចបាន មកដាក់ក្នុងដៃ ចៅមណពក៏បែកគំនិតទៀតថា៖ បើអញប្រើតែនុយផ្កាននោង អញស្ទូចបានតែត្រីកន្ត្រប់នេះឯង ចុះបើអញយកត្រីកន្ត្រប់នេះមកធ្វើជានុយវិញ អញច្បាស់ជាស្ទូចបានត្រីធំៗច្រើន នឹងបានឆ្ងាញ់មាត់លើសពីត្រីកន្ត្រប់នេះ…!!.. គិតហើយ ចៅមាណពក៏យកត្រីកន្ត្រប់ដែលស្ទូចបាន មកបិទដោតជាប់ផ្លែសន្ទូច ធ្វើជានុយវិញម្តង ហើយចាប់ផ្តើមស្ទូចបន្តទៀត។

ដូចការគិតរបស់ចៅមាណពមែន… ពេលយកត្រីកន្ត្រប់មកធ្វើជានុយ ស្រាប់តែចៅមាណព ដាក់វាត់ៗ… តែមួយភ្លែតស្ទូចបានត្រីប្រាំ ប្រាំមួយភ្លាមៗ។ ចៅមាណពសប្បាយចិត្តណាស់ ព្រោះត្រីដែលចៅមាណពស្ទូចបាន មានច្រើនប្រភេទ ដូចជា ត្រីក្រាញ់(ស្ទូចបានមុនគេ), ត្រីផ្ទក់, ត្រីឆ្លាំង, ត្រីកន្ត្រងប្រេង, ត្រីក្អែក និងចុងក្រោយគឺត្រីព្រលូង…។

ដោយសារមើលទៅមេឃដូចរាងចង់កក់ខែទាំងព្រឹក ហើយមើលទៅត្រីដែលស្ទូចបានក៏ច្រើនគួរសមដែរ ចៅមាណពក៏បញ្ឈប់ការស្ទូចត្រីត្រឹបប៉ុណ្ណេះ ហើយវិលត្រឡប់មកផ្ទះវិញ ប្រកបដោយទឹកចិត្តរីករាយ។ ធ្វើដំណើរបណ្តើរ ចៅមាណពយកដៃទះទ្រង់តិចៗបណ្តើរ ហើយគិតថា៖ ត្រីនៅក្នុងទ្រុងអ៊ីចឹងស្រួលចាត់ការណាស់… តែដែលពិបាកនោះត្រង់ថា តើត្រីណាគួរអាំង ត្រីណាគួរស្ងោរទៅវិញទេ…??

ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖