សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានហាមឃាត់អតីតប្រធានលោកSepp Blatter មិនឲ្យពាក់ព័ន្ធវិស័យបាល់ទាត់រហូតដល់ឆ្នាំ២០២៨ បន្ទាប់ពីផ្ដល់ឱ្យគាត់នូវការព្យួរថ្មីរយៈពេល៦ឆ្នាំ ៨ខែ។ អតីតអគ្គលេខាធិការ Fifa លោក Jerome Valcke បានទទួលបំរាមស្រដៀងគ្នានេះដែរ ដោយពួកគាត់ទាំងពីរក៏ត្រូវបានពិន័យជាប្រាក់៧៨០,០០០ផោនផងដែរ។
ការដាក់ទណ្ឌកម្មនេះគឺសម្រាប់“ការរំលោភផ្សេងៗ” នៃក្រមសីលធម៌របស់FIFA។ ការហាមឃាត់ថ្មីចាប់ផ្តើមនៅពេលការផ្អាកបច្ចុប្បន្នរបស់លោក Blatter និងលោក Valcke អាយុ៦០ឆ្នាំបញ្ចប់នៅខែតុលាឆ្នាំ២០២១ និងខែតុលា ឆ្នាំ២០២៥ ។
សេចក្តីថ្លែងការណ៍របស់ FIFA បានឲ្យដឹងថា ការស៊ើបអង្កេតទៅលើលោកMessrs Blatter និងលោក Valcke បានគ្របដណ្តប់លើការចោទប្រកាន់ផ្សេងៗ ជាពិសេសទាក់ទងនឹងការទូទាត់ប្រាក់រង្វាន់ទាក់ទងនឹងការប្រកួតប្រជែងរបស់ FIFA ដែលត្រូវបានបង់ទៅឱ្យថ្នាក់ដឹកនាំកំពូលរបស់ FIFA ការធ្វើវិសោធនកម្មផ្សេងៗ និងការពង្រីកកិច្ចសន្យាការងារក៏ដូចជាសំណងដោយ FIFA ដែលជាការចំណាយផ្នែកច្បាប់ឯកជនក្នុងករណីលោក Valcke ។
នៅក្នុងរបកគំហើញរបស់ខ្លួននៅអង្គជំនុំជម្រះស៊ើបអង្កេតបាល់ទាត់ពិភពលោកបានរកឃើញថា លោក Blatter បានទទួលយក ផលប្រយោជន៍សេដ្ឋកិច្ចមិនត្រឹមត្រូវ ចំនួន១៨លានផោន កាលពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ ដែលជាលទ្ធផលនៃជម្លោះផលប្រយោជន៍បង្កើតឡើងដោយការបែងចែកនិងការប្រតិបត្តិការ ការទូទាត់ប្រាក់រង្វាន់រវាងមន្ត្រីកម្រិត FIFA ដែលមានកម្រិត ។
ការស៊ើបអង្កេតក៏បានរកឃើញថា លោក Blatter, លោក Valcke រួមជាមួយអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីនលោក Julio Grondona និងជាអតីតនាយកហិរញ្ញវត្ថុរបស់ Fifa លោក Markus Kattner បានរៀបចំផែនការមួយដែលពួកគេកំពុងអនុញ្ញាតឱ្យខ្លួនទទួលបានអត្ថប្រយោជន៍មិនធម្មតាជាមួយនឹងការខិតខំពេលនៅកាន់តំណែង ។
គួររំលឹកថា ដំបូងឡើយលោក Blatter ត្រូវបានហាមឃាត់ដោយ Fifa អស់រយៈពេល៨ឆ្នាំ ហើយក្រោយមកត្រូវបានកាត់បន្ថយមកនៅត្រឹម៦ឆ្នាំវិញដោយសារការរំលោភក្រមសីលធម៌នៅពេលដែលគាត់ត្រូវបានគេរកឃើញថាបានបង់ប្រាក់១.៣លានផោនដោយមិនស្មោះត្រង់ទៅនឹងអតីតប្រធាន Uefa លោក Michel Platini ។ ការប្តឹងឧទ្ធរណ៍របស់គាត់ទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ត្រូវបានបដិសេធកាលពីខែធ្នូឆ្នាំ២០១៦ ។
ចំណែកលោក Valcke ដែលការហាមឃាត់ដំបូងត្រូវបានកាត់បន្ថយពី១២ឆ្នាំមក១០ ឆ្នាំបានបាត់បង់ការប្តឹងឧទ្ធរណ៍ទៅ CAS កាលពីខែកក្កដាឆ្នាំ២០១៨ ជុំវិញការហាមឃាត់រយៈពេលមួយទសវត្សរ៍របស់លោកពីបាល់ទាត់៕ ដោយ៖ភារៈ