ខេត្តព្រះសីហនុ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២១ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកថ្នាំវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ១៩ ដល់កងកម្លាំងឈរជើងការពារកោះពូលូវ៉ៃ និង កោះតាង។ អមដំណើរនាឱកាសនោះមាន នាយឧត្តមសេនីយ៍ ទៀ វិញ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងទឹក, ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការការពារកោះ-ឆ្នេរ រួមនឹងនាយទាហានមួយចំនួនទៀត។
ក្នុងដំណើរអញ្ជើញដល់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ត្រូវបានទទួលស្វាគមន៍ប្រកបដោយក្តីសោមនស្សរីករាយ ពីមេបញ្ជាកាការ មេបញ្ជាការរង ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវឹក ឈរជើងតាមបណ្តាកោះជាច្រើនរូប។
បើតាមសេចក្តីរាយការណ៍ពីមេបញ្ជាការនៃកោះនីមួយៗបានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក៍ដូចជាក្រសួងការពារជាតិ, អគ្គបញ្ជាការ, និងបញ្ជាការដ្ឋានកងទ័ពជើងទឹក បានធ្វើឲ្យកោះមានការរីកចម្រើនជាបន្តបន្ទាប់ មានទាំងអគ្គិសនី អគារធ្វើការ អគារស្នាក់នៅ មានប្រភពទឹកសាបប្រើប្រាស់គ្រប់រដូវ ដែលជាអំណោយផលដល់កងទ័ពនៅលើកោះ បានដាំដំណាំគ្រប់មុខ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ។
ថ្លែងសំណេះសំណាលនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីលះបង់ប្រកបដោយភាពអង់អាចក្លាហានរបស់មេបញ្ជាការ កងទ័ពការពារដែនកោះពូលូវ៉ៃ កោះតាង និងកោះផ្សេងៗទៀត ដែលជាគំរូវីរ:ភាពគួរឱ្យគោរព ខណៈដែលកងទ័ពស៊ូទ្រាំនឹងការលំបាកសព្វបែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីនៃមាតុភូមិ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់នាយនាវី ពលនាវឹកទាំងអស់ ត្រូវបន្តលើកកម្ពស់បន្ថែមទៀតក្នុងភារកិច្ចការពារបូរណភាពទឹកដី ពិសេសការចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស តាមរយៈការបង្កើនស្មារតីប្រុងប្រយ័ត្ន ភាពស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ពង្រឹងសាមគ្គីភាព និងវាយបំបាក់ទាន់ពេលវេលារាល់សកម្មភាពទាំងឡាយណា ដែលបង្កអស្ថេរភាពដល់សង្គម។
នៅក្នុងថ្ងៃដដែលនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៍បានបន្តដំណើរមកដល់មូលដ្ឋានរាម ដោយនៅទីនោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់មេបញ្ជាការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងកម្លាំង មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺនរៀនសូត្រជាប្រចាំ ដើម្បីឲ្យយោធិនគ្រប់រូបយល់ច្បាស់អំពីកម្មវិធីនយោបបាយរបស់រាជរដ្ឋាភិបាល ច្បាប់ សារាចរផ្សេងៗ ការពង្រឹងសាមគ្គីភាពឯកភាពផ្ទផ្ទៃក្នង ការត្រៀមគ្រប់មធ្យោបាយក្នុងការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា និងការថែរក្សាសុខភាព ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ តាមវិធាន ៣កុំ ៣ការពារ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំយកថវិកាមួយចំនួនទៅឧបត្ថម្ភផងដែរ ដែលជាការឧបត្ថម្ភរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបានក្រើនរំលឹកឲ្យគ្រប់កងឯកភាព ត្រូវត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង៕
ដោយ ៖ សិលា