ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំស្ដីពីការរៀបចំទីកន្លែង និងបែងចែកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការក្រោមឱវាទ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក ខៀវ កញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បាន បញ្ជាក់ថា, ការរៀបចំទីកន្លែង និងបែងចែកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់មន្រ្តីរាជការ ក្រសួងព័ត៌មាន ដែលនៅមិនទាន់បានចាក់ ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ក្រុមគ្រូពេទ្យ ដែលត្រូវមកធ្វើការ ចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលខាងមុខនេះ ។ លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ លើកឡើងថា ការស្រង់ស្ថិតិនេះ មិនត្រឹមតែមន្រ្តីរាជការ ថ្នាក់ដឹកនាំ និងមន្រ្តីជាប់កិច្ចសន្យានោះទេ គឺត្រូវប្រមូលបន្ថែមចំនួន អ្នកអនាម័យក្នុងក្រសួង និងអ្នកបើករថយន្ត ឱ្យថ្នាក់ដឹកនាំ ដែលមានអាយុលើស ៦០ឆ្នាំ និងអាយុក្រោម ៥៩ ឆ្នាំគឺចាក់បានទាំងអស់។ សម្រាប់ទីកន្លែងចាក់ វ៉ាក់សាំង គឺធ្វើក្នុងទីតាំង បរិវេណក្រសួងឱ្យបានត្រឹមត្រូវ នឹងរក្សាទុកកន្លែងចាក់នេះ ទាំង ២លើក ។ ដូច្នេះ កិច្ចការងារនេះ ផ្នែករដ្ឋបាល នឹងគ្រប់ផ្នែកពាក់ព័ន្ធត្រូវរួមសហការគ្នា ធ្វើយ៉ាងណាឱ្យដំណើរការចាក់វ៉ាក់សាំង នេះ ប្រព្រឹត្តទៅបានលឿន រក្សាគម្លាតសុវត្ថិភាព ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ។ លោក រដ្ឋមន្រ្តី បាន បញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីត-១៩ នេះ ឈរលើគោលការណ៍ស្ម័គ្រចិត្ត ។
តាមរយៈកិច្ចការងារនេះដែរ ក្រសួងព័ត៌មាន ក៏ដូចជាផ្នែកពាក់ព័ន្ធត្រូវធ្វើយ៉ាងណាសហការគ្នារៀបចំទីតាំងឱ្យបានត្រឹមត្រូវល្អ ។ ទាក់ទងការងារយល់ដឹងស៊ីជម្រៅ លើការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ទូរទស្សន៍ជាតិកម្ពុជា ត្រូវបានដាក់បញ្ជូលទៅក្នុងក្រុមការងារផលិត និងផ្សព្វផ្សាយ សកម្មភាពគណ:កម្មាធិការ ចំពោះកិច្ចទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងទូទាំងប្រទេស ។
លោក ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បាន បញ្ចាក់ថា រហូតមកដល់ ពេលនេះ នាយកដ្ឋានបុគ្គលិក បានស្រង់ចំនួនមន្រ្តីរាជការ ថ្នាក់ ដឹកនាំក្រសួងព័ត៌មាន ដែលនៅមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ១ ៤០០ នាក់ ( មួយពាន់បួនរយនាក់) ហើយសម្រាប់ការសរុបចំនួនពិតប្រាកដ នឹងធ្វើឱ្យហើយក្នុងសប្តាហ៍នេះ ដើម្បីបញ្ជូន ទៅក្រសួងសុខាភិបាល ពិនិត្យសម្រេច ថាត្រូវបញ្ជូនក្រុមការងារ និងក្រុមគ្រូពេទ្យ មកធ្វើការ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងពេលណាមួយ នៅពេលខាងមុខ៕
ប្រភព ៖ ក្រសួងព័ត៌មាន