ក្រុមជម្រើសជាតិតោកំណាចអង់គ្លេសបានឡើងឈរលេខ១ក្នុងពូលI សម្រាប់ព្រឹត្តិការណ៍ប្រកួតជម្រុះ World Cup តំបន់អឺរ៉ុបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ មីនានេះ ដោយបានយកឈ្នះក្រុមជម្រើសជាតិសាន់ម៉ារីណូក្នុងលទ្ធផល៥ទល់០ ក្នុងការប្រកួតជម្រុះជុំដំបូង។
យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៦ មីនានេះបានឲ្យដឹងថា ក្រុមជម្រើសជាតិអង់គ្លេសមានឱកាសរកគ្រាប់បាល់បានច្រើនជាងក្រុមភ្ញៀវសាន់ម៉ារីណូ ដោយការគ្រប់គ្រងបាល់របស់ក្រុមអង់គ្លេសមានរហូតដល់៨៥ភាគរយឯណោះ ខណៈការស៊ុតបាល់ចំគោលដៅមាន១៥ដង រីឯក្រុមភ្ញៀវសាន់ម៉ារីណូគឺគ្មានទាល់តែសោះ។
៥គ្រាប់របស់ក្រុមជម្រើសជាតិអង់គ្លេសរកបានដោយកីឡាករ Ward-Prowse នៅនាទីទី១៤ គ្រាប់ទី២រកបានដោយកីឡាករ Calvert-Lewinនៅនាទីទី២១ គ្រាប់ទី៣រកបានដោយខ្សែប្រយុទ្ធ Raheem Sterling នៅនាទីទី៣១ ដែលការប្រកួតតង់ទី១ ក្រុមអង់គ្លេសរកបាន៣គ្រាប់។ ចូលដល់ការប្រកួតតង់ទី២ ក្រុមអង់គ្លេសនៅបន្តរកបាន២គ្រាប់ទៀតគឺរកបានដោយកីឡាករCalvert-Lewin ដដែលនៅនាទីទី៥១ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Watkins នៅនាទីទី៨៣។
លទ្ធផលនេះធ្វើឲ្យក្រុមជម្រើសជាតិអង់គ្លេសឈរលេខ១បណ្តោះអាសន្នក្នុងពូល I មាន៣ពិន្ទុពេញ ខណៈលេខ២ ក្រុមអាល់បានីដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះអង់ដូរ៉ាស់ក្នុងលទ្ធផល១ទល់០ និងលេខ៣ និងលេខ៤ គឺក្រុមប៉ូឡូញ និងក្រុមហុងគ្រីដែលបានប្រកួតស្មើគ្នា៣ទល់៣កាលពីរំលងអធ្រាត្រនោះដែរ។
សូមបញ្ជាក់ថា អង់គ្លេសបានឈ្នះការប្រកួតទាំង៧លើកទល់នឹងក្រុមសាន់ម៉ារីណូដោយគ្រាប់បាល់សរុប ៤២-១ ហើយអង់គ្លេសបានឈ្នះការប្រកួតក្នុងផ្ទះចំនួន១៩លើកកន្លងមកនៅក្នុងវគ្គជម្រុះ World Cup / យូរ៉ូដោយរកបាន៦៧គ្រាប់ និងរបូតវិញតែ៦គ្រាប់ទេ ៕
ដោយ៖ ភារៈ