ព័ត៌មានទាន់ហេតុការណ៍៖

Mike Tyson នឹងឡើងសង្វៀនប្រដាល់ជាមួយអតីតម្ចាស់ជើងឯកទម្ងន់ធ្ងន់ Holyfield នៅថ្ងៃទី២៩ ឧសភា

ចែករំលែក៖

អន្តរជាតិ​៖​ អតីតកំពូលវីរបុរសកីឡាប្រដាល់ពិភពលោក Mike Tyson បានប្រកាសថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ​ លោកនឹងឡើងសង្វៀនសប្បុរសធម៌ ដើម្បីតតាំងជាមួយអតីតម្ចាស់ជើងឯកទម្ងន់ធ្ងន់ Evander Holyfield ជាលើកទី៣។

ជាក់ស្ដែង​កំពូលអ្នកប្រដាល់សញ្ជាតិអាមេរិកទាំង២រូបនេះ ធ្លាប់ប្រកាសលើបណ្តាញសង្គមអំពីការជួបគ្នាជាថ្មីតាំងពីឆ្នាំ២០២០ម្លេះ។ Tyson មានវ័យ ៥៤ឆ្នាំ បានទទួលការចាប់អារម្មណ៍ពីពិភពប្រដាល់ នៅពេលរូបគេបានបង្ហោះវីដេអូខ្លីអំពីការហ្វឹកហាត់ដោយបង្ហាញថាខ្លួននៅតែមានថាមពល និងល្បឿនវាយចេញលឿនៗ។

ចំណែក​ឯ​ Evander Holyfield ក៏ធ្លាប់បានប្រកាសឈានជើងចូលសង្វៀនជាថ្មីនៅអាយុ៥៨ឆ្នាំផងដែរ បន្ទាប់ពីអតីតគូប្រជែងចាស់ Tyson ប្រកាសត្រឡប់មកវិញនោះ។

សូមជម្រាបថា​ Tyson អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក WBA, WBC និង IBF ពិតជាបានវិលត្រឡប់មកសង្វៀនវិញនៅឆ្នាំ ២០២០ ក្រោយចូលនិវត្តន៍ពីពិភពប្រដាល់ជាង១៥ឆ្នាំ ប៉ុន្តែត្រូវប៉ះ Roy Jones Jr ឯណោះទេ។ Tyson និង Jones ស្មើគ្នា ក្នុងការប្រកួតសប្បុរសធម៌ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក នាថ្ងៃទី២៩ ខែវិច្ឆិកា។

ប៉ុន្តែនៅពេលថ្មីៗនេះ ក្នុងអំឡុងពេលនៃបទសម្ភាសនៅលើបណ្តាញសង្គម Instagram ជាមួយទស្សនាវដ្តី Haute Living លោក Tyson បាននិយាយថា៖«ខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងថាការប្រយុទ្ធកំពុងកើតឡើងហើយរវាងខ្ញុំ និង Holyfield លើសង្វៀនសប្បុរសធម៌។ កីឡដ្ឋាន Hard Rock ក្នុងក្រុងម៉ៃអាមីជាសង្វៀនរបស់យើងទាំងពីរ។ ខ្ញុំជឿថា ខ្ញុំនឹងទទួលជ័យជម្នះនៅថ្ងៃទី២៩ ខែឧសភា»។

សូមរម្លឹកដែរថា​​ Tyson និង Holyfield ធ្លាប់ជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នានៅលើសង្វៀនអំឡុងឆ្នាំ៩០ ដោយបានប៉ះគ្នាពីរលើករួចហើយក្នុងនោះ Holyfield ឈ្នះ១លើក និងគ្មានលទ្ធផលមួយលើក។ ប្រសិនបើអ្នកទាំងពីរពិតជាប៉ះគ្នាមែននោះនឹងក្លាយជាជំនួបលើកទី៣ក្នុងប្រវត្តិសាស្ត្រប្រដាល់មិនខាន។

គួរបញ្ជាក់ថា Tyson ធ្លាប់មានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៥០ដង ចាញ់៦ និងមិនមានការប្រកាសលទ្ធផលផ្លូវការ២លើក។ ដោយឡែក Holyfield មានប្រវត្តិប្រកួត៥៧លើក ឈ្នះ៤៤ ចាញ់១០ និងមិនមានការប្រកាសលទ្ធផល១លើក៕ដោយ​៖ស​ តារា​

 

កំពូលអ្នកប្រដាល់សញ្ជាតិអាមេរិកទាំង២រូបនេះ​ Tyson និង Holyfield


ចែករំលែក៖