ខេត្តបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០២១នេះបានកសាងសំណុំរឿងជនសង្ស័យ៣នាក់ទៅតុលាការចំណែកម៉ូតូជាង៤០គ្រឿងត្រូវកម្លាំងសមត្ថកិច្ចអំពាវនាវឲ្យម្ចាស់មកយកវិញ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង៣នាក់មាន៖
ទី១-ឈ្មោះឡាយ សានភេទប្រុសអាយុ៤៩ឆ្នាំមុខរបរជាងជួសជុលម៉ូតូរស់ភូមិក្បាលស្ពាន២សង្កត់ក្រុងប៉ោយប៉ែត។
ទី២-ឈ្មោះកែវ កុសល ហៅម៉ៅ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិក្បាលស្ពាន១។
ទី៣-ឈ្មោះពេញ វាសនា ភេទប្រុសអាយុ២៥ឆ្នាំមុខរបររត់ម៉ូតូឌុប
រស់នៅភូមិបាលិលេយ្យ២សង្កាត់ក្រុងប៉ោយប៉ែត។
លោកមេបញ្ជាការរងកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យលោកមែន ភារម្យបញ្ជាក់ប្រាប់ថាៈក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះWilly ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី(វីលលី)កាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០២១ថាបានបាត់ម៉ូតូម៉ាកហុងដាឃ្លីកពណ៌ខ្មៅផលិតឆ្នាំ២០០៦នៅចំណុចភូមិក្បាលស្ពាន១សង្កាត់ក្រុងប៉ោយប៉ែតភ្លាមនោះកម្លាំងយើងបាន
ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងនិងបន្តស្រាវជ្រាវដល់ទីតាំងមួយកន្លែងក្នុងភូមិក្បាលស្ពាន២សង្កាត់ក្រុងខាងលើ។ក្នុងនោះ
បានឃាត់ខ្លួនម្ចាស់ហាងបញ្ចាំឈ្មោះឡាយ សានភេទប្រុសអាយុ៤៩ឆ្នាំដកហូតវត្ថុតាងម៉ូតូគ្រប់ស៊េរីចំនួន៤១គ្រឿង
ម៉ូតូកង់បីចំនួន៧គ្រឿងស្លាកលេខម៉ូតូចំនួន២សន្លឹក ស្លាកលេខរថយន្តចំនួន៦សន្លឹក ក្នុងនោះមានម៉ូតូជនរងគ្រោះចំនួនមួយគ្រឿងរួមទាំងសម្ភារៈជួសជុលម៉ូតូមួយចំនួនធំផងដែរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះកែវ កុសលនិងឈ្មោះពេញ វាសនានិងឈ្មោះក្រឹមភេទប្រុសបានឲ្យដឹងថាកាល
ពីថ្ងៃទី២៣ខែឆ្នាំដដែលពួកគេបានទៅលេងហ្គេមនៅម្ដុំត្រាចហើយបានបបួលគ្នាទៅលួចម៉ូតូថៅកែឥណ្ឌូនេស៊ីខាងលើខណ: ប្រទះឃើញម៉ូតូម៉ាកហុងដាឃ្លីកពណ៌សលាយខ្លៅចតចោលនៅមុខហាងដែលមានសោជាប់ម៉ូតូស្រាប់។ ភ្លាមនោះរូបគេធ្វើ
សកម្មភាពលួចម៉ូតូ បន្ទាប់មកឈ្មោះក្រឹមបានយកម៉ូតូខាងលើទៅបញ្ចាំនៅចំណុចហាងបញ្ចាំខាងលើបានតម្លៃ២០០០បាត។
តាមចម្លើយរបស់ម្ចាស់ហាងឈ្មោះឡាយ សានភេប្រុសអាយុ៤៩ឆ្នាំរៀបរាប់ថា រូបគេទទួលទិញនិងទទួល
បញ្ចាំម៉ូតូចាស់ ថ្មីពីក្មេងៗស្ទាវជារៀងរាល់ថ្ងៃ២៤ម៉ោងលើ២៤ម៉ោងរយៈពេល៣ខែមកហើយ។កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២១រូបគេបានទទួលបញ្ចាំម៉ូតូម៉ាកហុងដាឃ្លីកពណ៌ស លាយខ្មៅពីក្មេងទាំង២នាក់ដោយមិនស្គាល់ឈ្មោះសម្បុរខ្មៅចំនួន២០០០បាត។ រូបគេបានដកការប្រាក់រួចនៅសល់ប្រាក់ចំនួន១៨០០បាតបានប្រគល់ ឲ្យក្មេងទាំង២នាក់ពុំមានឯកសារ។
លោកបញ្ជាក់ថាជនសង្ស័យទាំងអស់បន្ទាប់ពីសាកសួររួចរាល់
ត្រូវកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
សូមបញ្ជាក់ថាជនសង្ស័យម្នាក់ទៀតឈ្មោះក្រឹមត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្តយកទៅចាត់ការតាមផ្លូវច្បាប់។
ក្នុងនោះដែរលោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបាត់ម៉ូតូសូមមកមើលនៅកន្លែងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ឯកសារពាក់ព័ន្ធមកជាមួយដើមម្បីទទួលយកម៉ូតូទៅប្រើប្រាស់វិញ៕ដោយ៖ វណ្ណា