ខេត្តស្វាយរៀង៖ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់គយត្របែកនិងក្រុមការងារបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគនិងបច្ច័យប្រគេនដល់វត្តកោះជុំ និងវត្តបូទុមសុផានារាម (ហៅវត្តគយត្របែក) ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀងនារសៀលថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ សម្រាប់រៀបចំចង្ហាន់ និងភេសជ្ជៈប្រគេនព្រះសង្ឃចំរើនព្រះបរិត្ត និងវាយគង ជួង រគាំង ទូងស្គរ ព្រមៗគ្នាទាំងអស់ ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ “៣ការពារ” និង “៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាល។
លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់គយត្របែកបានអោយដឹងថានៅពេលនេះលោកបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគរួមមាន៖
១- អង្ករ ២៥០គីឡូក្រាម
២- ទឹកសុទ្ធ ១៤កេស
៣-ភេសជ្ជៈ(ទឹកក្រូច និងទឹកផ្លែឈើ) ៤កេស
៤- ទឹកត្រី ៤យួរ(២៤ដប)
៥- ទឹកស៊ីអុីវ ២យួរ(១២ដប)
៦- ត្រីខកំប៉ុង ៤ដុំ(៤៨កំប៉ុង)
៧- ប្រេងឆា ២ដប តែ ២កញ្ចប់ធំ ទឹកដោះគោ ៤កំប៉ុង ស្ករស ៤គីឡូក្រាម ប៊ីចេង ២គីឡូក្រាម អំបិល ២គីឡូក្រាម សាប៊ូលាងចាន ២ដប ទានធូប….។
៨- បច្ច័យបួន និងបច្ច័យប្រគេនដល់ព្រះសង្ឃ ជូនតាជី យាយជី គណៈកម្មការ នៃវត្តកោះជុំ និងវត្តបូទុមសុផានារាម (ហៅវត្តគយត្របែក) ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង សរុបទេយ្យទាន និងបច្ច័យទាំងពីរវត្ត ចំនួន ២,២៣០,០០០រៀល។
សម្រាប់រៀបចំចង្ហាន់ និងភេសជ្ជៈប្រគេនព្រះសង្ឃចំរើនព្រះបរិត្ត និងវាយគង ជួង រគាំង ទូងស្គរ ព្រមៗគ្នាទាំងអស់ ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ “៣ការពារ” និង “៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ៕
សូមបញ្ជាក់ថាយោងតាមសារាចរណែនាំស្ដីពីការវាយជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺ១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍២០ កុម្ភៈរបស់ក្រសួងធម្មការ និងសាសនាចុះថ្ងៃទី២៣ ខែមីនានេះបានឲ្យដឹងថា«យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ វេលាម៉ោង ១០និង ៤០នាទី ព្រឹកនេះក្រសួងធម្មការ និងសាសនាសូមជម្រាបលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីខេត្តជ្រាបថា ដោយសារស្ថានភាព នៃជំងឺកូវីដ១៩ មានការរាតត្បាតក្នុងសហគមន៍កាន់តែធំឡើង សូមលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីខេត្តសហការជាមួយព្រះគុណព្រះគ្រូអនុគណៈធ្វើការណែនាំដល់គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសឲ្យ វាយគង ជួង រគាំង ទូងស្គរព្រមគ្នាទាំងអស់ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ ការពារនិង ៣កុំរបស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលរហូតចប់ព្រឹត្តិការណ៍២០កម្ភៈ ឲ្យបាន ៥ដងក្នុងមួយថ្ងៃ៕
ដោយ៖យឹម សុថាន