ព័ត៌មានទាន់ហេតុការណ៍៖

នាយទាហានពាក់ស័ក្តិ៤កន្លះ និងជាអតីតគ្រូបង្រៀនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាលើកទី២

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានចាប់ឃាត់ខ្លួនជនសង្ស័យពីរនាក់ ជាលើកទី២ដោយម្នាក់ជាអតីតគ្រូបង្រៀននៅខេត្តមណ្ឌលគិរីនិងបានសុំលាឈប់ដើម្បីចូលបម្រើកាងារក្នុងជួរកងទ័ព ហើយថែមទាំងជាឈ្មួញដីធ្លីដ៏មានឥទ្ធិពលនិងម្នាក់ទៀតជាអ្នករកស៊ីគួកជេដី ដោយធ្វើតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ករណីដីធ្លី និងក្លែងឯកសារសាធារណៈ ។

ការឃាត់ខ្លួនជនសង្ស័យពីរនាក់ខាងលើប្រព្រឹត្តឡើងកាលពីថ្ងៃទី២៦ ខែមីនា ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងក្រោមការសម្របសម្រួលពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី។

មន្រ្តីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលឃាត់ខ្លួន មានឈ្មោះ ទូច ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ចំណែកម្នាក់ទៀតឈ្មោះ ព្រេង ចិន្តា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

យោងតាមដីការបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តមណ្ឌលគិរី បង្គាប់ឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ទៅបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ឲ្យបានមុនថ្ងៃទី៣១ មីនា ២០២១ ដើម្បីសាកសួរអំពីករណី ផ្តល់សក្ខីកម្មក្លែងក្លាយ លួចលក់អចលនវត្ថុរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន និងសមគំនិតក្នុងអំពើផ្តល់សុំឲ្យផ្តល់ឯកសារទុច្ចរិត ប្រព្រឹត្តនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០កន្លងមក។

មន្រ្តីកងរាជអាវុធហត្ថដដែលបានរំលឹកថានេះមិនមែនជាលើកទី១ទេ ដែលមន្ត្រីយោធាពាក់ស័ក្តិ៤កន្លះនេះ ត្រូវឃាត់ខ្លួន ដោយកម្លាំងកងរាជរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងថែមទាំងបានបញ្ជួនទៅស្ថាប័នតុលាការនោះ។ ការពិតកាលពីដើមឆ្នាំ២០២០ កន្លងទៅបន្ទាប់ពីទទួលពាក្យបណ្តឹង រឿងប្រើប្រាស់ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ,ហើយលួចបន្លំលក់ដីរបស់គេសមត្ថកិច្ចឃាត់ខ្លួនបានម្តងហើយ។

ប៉ុន្តែក្រោយពីបញ្ចប់រឿងចាស់ បុគ្គលនេះមិនរាងចាល នៅតែប្រព្រឹត្តអំពើដដែលៗក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនសាជាថ្មី ដើម្បីស្វែងរកភាពយុត្តិធម៌ជូនជនរងគ្រោះជាប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីនេះតែម្តងទៅ៕

ដោយ ៖ សហការី


ចែករំលែក៖