ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលស្រុកថ្មគោលបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីស្រវឹងស្រាហើយបានចូល ទៅបង្កអំពើហិង្សាក្នុងមណ្ឌលចត្តាឡីស័កដោយបានវាយទៅលើកងកម្លាំងយាមប្រចាំការនៅទីនោះយ៉ាងចាស់ដៃ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងបរិវេណសាលាវិទ្យាល័យថ្មគោលជាមណ្ឌលធ្វើចត្តាឡីស័ក ដែលសមត្ថកិច្ចរៀបចំទុក ។
មន្ត្ត្រីនគរបាលស្រុកថ្មគោលបានរារាយការណ៍ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ផែ គឹមសែន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល បានផឹកស្រាស្រវឹងស្រែកឡូឡានិងបានចូលទៅក្នុងបរបរិវេវិទ្យាល័យថ្មគោល (មណ្ឌលចត្តាឡីស័ក) ដោយគ្មានការអនុញ្ញាត។ ពេលនោះកម្លាំងប្រចាំការបានហាមឃាត់ ជនសង្ស័យកុំឲ្យចូលតែជនសង្ស័យមិនស្តាប់ថែមទាំងបានវាយទៅលើកងកម្លាំងយោធាឈ្មោះ អ៊ុម សំខាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ចំនួន០១ដៃ បណ្តាលឲ្យរងរបួសត្រង់ថ្ពាល់ខាងឆ្វេង។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីហេតុការណ៍នេះកើតឡើង សមត្ថកិច្ចនគរបាលស្រុកថ្មគោលបានទៅដល់ឃាត់ខ្លួនជនសង្ស័យរូបនេះកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តទៅតាមផ្លូវច្បាប់ ៕
ដោយ៖ ប្រាថ្នា