ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងគ្រឿងញៀនមានតម្រេកផ្លូវកាមគុណ ប្រពន្ធមិនព្រមដុតផ្ទះឆេះខ្ទេចខាននៅ

ចែករំលែក៖

ខេត្ត​ប៉ៃលិន ៖ ដោយសារតែទ្រាំរស់នៅជាមួយប្តីញៀនថ្នាំនិងល្មោភកាមមិនបាន ស្រ្តីជាប្រពន្ធបានសម្រេចចិត្តទៅដេកផ្ទះម្តាយបង្កើតនៅភូមិជាមួយគ្នាមួយយប់ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះបែរជាប្តីញៀន​ថ្នាំ​ដល់​កម្រិតបានខឹង​ប្រពន្ធរហូត​ទៅទាស់​ជាមួយម្តាយក្មេករួចទៅដុត​ផ្ទះ​ខ្លួនឯង​ឆេះខាននៅ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង​១៖​១៥ នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ២០២១នៅភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុង​.​ខេត្ត​ប៉ៃលិន។

ហើយទីបំផុត​បុរសញៀនថ្នាំនិងល្មោភកាមរូបនេះត្រូវជាប់​ខ្នោះ​របស់​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ៃលិ​ន កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ​មីនា ឆ្នាំ​២០២១ នេះ ។

សមត្ថកិច្ចនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថាបុរស​ញៀន​ថ្នាំ​នោះ​ឈ្មោះ ខ្នា ចាន់​ណា អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុង​.​ខេត្ត​ប៉ៃលិន មាន​ប្រពន្ធ​ឈ្មោះ ថា​ន ថុ​ល អាយុ​៣៣ ឆ្នាំ​មុខរបរ​កសិករ ។ 

សម្ភារ​:​ដែលខូចខាតក្នុងអំពើហិង្សានេះមានដូច​ជា៖

– ផ្ទះ​5m×6m ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​១ ខ្នង

– ​ម៉ូតូ​ស៊េរី​ចាស់​ចំនួន​១ គ្រឿង

– ម៉ា​សុីន​ភ្លើង​ចំនួន​១ គ្រឿង

– ​ប្រាក់​ចំនួន ១.០០០ ដុល្លារ​អា​មេ​រិ​ក​នឹង​របស់របរ​ក្នុងផ្ទះ​មាន​ខោអាវ ចាន ឆ្នាំង តុ ទូ ជាដើម ។ ល ។
បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ថា​ន ថុ​ល ដែល​ជា​ប្រពន្ធ​ជនសង្ស័យ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩ យប់​ថ្ងៃ​ទី​២៦ ខែមីនា ជនសង្ស័យ​បានញៀនថ្នាំខ្លាំងរួចមកកេះកៀវនាងសុំរួមភេទ។តែដោយនាងមិនស្រួលខ្លួនបានប្រកែកដាច់អហង្ការួចក៏ទៅដេកផ្ទះម្តាយបង្កើតមានចម្ងាយជាង១០០ម៉ែត្រពីគ្នាដោយទុកឲ្យប្តីនៅ​ដេក​ផ្ទះ​ម្នាក់ឯង។ បានប្រមាណ២ម៉ោងក្រោយមកស្រាប់តែបុរសនេះងើប​ពី​ដេក​ដើរទៅ​រករឿង​មម្តាយក្មេកហើយបាន​ជេរ​ប្រមាថ​ម្តាយក្មេក និង​ធាក់​ទ្វារផ្ទះ យ៉ាងខ្លាំងៗដែល​ទំនង​ខឹង​ប្រពន្ធ​មិន​នៅ​ដេក​ជាមួយ ប៉ុន្តែ​ពេល​នោះ​មិន​មាន​អ្នក​ណា​តបត​ទេ ទើប​ជន​ញៀន​ថ្នាំរូបនេះ បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ប្រភពដដែលបន្តថា រហូតដល់ម៉ោង​១ នឹង​១៥ នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមីនា ជនសង្ស័យ ក៏​បាន​ដុត​ផ្ទះ​ខ្លួនឯង​បណ្តាល​ឲ្យ​ឆេះ​ម៉ត់​ទាំងស្រុង​ខាននៅតែ​ម្តង​ទៅ ។ ក្រោយ​ពី​ដុត​ផ្ទះ​ឆេះ​អស់ហើយ​នោះ ជនសង្ស័យ​មិន​បាន​គេចខ្លួន​ទៅ​ណា​ទេ ហើយដោយសមត្ថកិច្ចពិនិត្យបទល្មើស​ជាក់ស្តែង និង​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ត​កិច្ច​នគរបាល​ក្រុង​ប៉ៃលិន បាន​ចុះ​ទៅ​ឃាត់​ជនសង្ស័យ​ដាក់​ខ្នោះ នាំ​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់តែម្តង៕ ​

ដោយ៖ ប្រាថ្នា


ចែករំលែក៖