ភ្នំពេញ៖ លោកស្រី ប្រាក់ ផល្លី ភរិយាបណ្តូលចិត្តអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីល្បាញនៅកម្ពុជា គឺកវី ជុំ ប៊ុនធឿន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗព្រោះតែជំងឺកូវីដ-១៩ធ្វើទុក្ខខ្លាំង។កូនស្រីពៅរបស់លោកស្រីក៏ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យផងដែរ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺមួយនេះនៅថ្ងៃបន្ទាប់។
អស់រយៈពេលជាង១០ឆ្នាំហើយដែលកវីល្បីឈ្មោះលោក ជុំ ប៊ុនធឿន បានលាចាកលោក បន្សល់ទុកនូវស្នាដៃជាច្រើន ពិសេសការនិពន្ធទំនុកច្រៀងដ៏មានអត្ថន័យ ប៉ុន្តែជីវិតគ្រួសាររបស់លោកមិនត្រូវបានគេយកចិត្តទុកដាក់ឬនឹកនាឡើយ ហើយបើទោះបីជាជីវភាពរបស់ពួកគាត់ជួបការលំបាកក៏ដោយក៏គេមិនដែលបានឃើញពួកគាត់ចេញមុខស្នើសុំជំនួយណាមួយនោះដែរ។ កាន់តែភ្ញាក់ផ្អើលថែមទៀតនោះគឺក្រោយពីភរិយារបស់លោក និងកូនស្រីត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ ប្រភពពីអ្នកដែលបានស្គាល់ក្រុមគ្រួសារលោក ជុំ ប៊ុនធឿន បានទម្លាយថា ពិតជាមិនគួរឲ្យជឿទេថា ស្ថានភាពគ្រួសាររបស់អ្នកនិពន្ធល្បីល្បាញម្ចាស់បទ”ថ្ងៃបាក់រសៀល” និងធ្លាប់និពន្ធបទចម្រៀងឲ្យផលិតកម្ម និងតារាហង្សមាសច្រៀងនោះមានសភាពពិបាកភ្នែកណាស់។ ប្រភពថា ក្រោយពីលោក ជុំ ប៊ុនធឿន បានទទួលមរណភាពកាលពីឆ្នាំ២០០៧ទៅ ស្ថានភាពក្រុមគ្រួសាររបស់លោកបានប្រឈមការលំបាកច្រើនព្រោះតែលោកស្រីប្រាក់ ផល្លី ក៏បានចូលនិវត្តន៍ពីការងារ និងត្រូវរ៉ាប់រងជីវភាពក្នុងគ្រួសារតែម្នាក់ឯង ហើយអ្វីដែលកាន់តែពិបាកទទួលយកនោះគឺកូនស្រីទី២របស់លោកស្រីជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតក្រោយពីមរភាពរបស់ស្វាមីលោកស្រីត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។
មានការលើកឡើងដែរថាអាចនឹងមិនមានអ្នកជឿទេថាស្ថានភាពក្រុមគ្រួសារគាត់ធ្លាក់ដល់ស្ថានភាពលំបាកបែបនេះព្រោះតែស្វាមីកន្លងទៅគឺជាអ្នកនិពន្ធល្បីល្បាញ និងធ្លាប់លើកមុខមាត់តារាចម្រៀងកំពូលៗនៅកម្ពុជាឲ្យលេចត្រដែតនោះមានដូចជា លោកព្រាប សុវត្ថិ លោក ណុប បាយ៉ារិទ្ធិ អ្នកនាង គឹម លក្ខិណា អ្នកនាង ពេជ្រ សោភា ជាដើម ។ ទោះជាយ៉ាងណាក្រុមគ្រួសារអ្នកនិពន្ធល្បីល្បាញខាងលើមិនដែលរំលឹកបញ្ចេញឈ្មោះ និងស្នើសុំការជួយសង្គ្រោះណាមួយទេកន្លងទៅ ព្រោះតែមានភាពខ្មាសអៀនសុខចិត្តរស់នៅទាំងលំបាកជាច្រើនឆ្នាំ។ ប្រភពពីអ្នកជិតដិតម្នាក់នោះទម្លាយដែរថា កាន់ធ្វើឲ្យលំបាកភ្នែកនឹងឈរមើលពីទុក្ខលំបាកហើយទម្លាយរឿងរ៉ាវនេះចេញក្រៅនោះគឺក្រោយពីផ្ទុះករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ គឺអ្នករស់នៅក្នុងតំបន់គីឡូម៉ែត្រលេខ៦ ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មួយចំនួនត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះលោកស្រី ប្រាក់ ផល្លីក៏ត្រូវបានរកឃើញវិជ្ជមានជំងឺមួយនេះដែរកាលពី៥ថ្ងៃមុន និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរបេង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុីកាលពី៣ថ្ងៃមុននេះក្រោយពីស្ថានភាពជំងឺរបស់លោកស្រីមានសភាពធ្ងន់ធ្ងរពិបាកដកដង្ហើម ខណៈដែលកូនប្រុសស្រីបានខ្វាយខ្វល់ខ្លាំងពីស្ថានភាពនេះ។
គួរបញ្ជាក់ដែរថា លោក ជុំ ប៊ុនធឿនធ្លាប់បានសាងស្នាដៃលេចធ្លោក្នុងផលិតកម្មហង្សអស់ជាច្រើនឆ្នាំ ពិសេសការនិពន្ធទំនុកច្រៀងល្បីល្បាញ និងមានអត្ថន័យជ្រាលជ្រៅចាក់ចំក្រអៅបេះដូងទស្សនិកជនដែលស្តាប់ហើយមិនជិនណាយ ដូចជាបទ”ថ្ងៃបាក់រសៀល” “ខ្លុយស្នេហ៍ត្នោតទេ” បទ “ថ្នម” “ស្រក់ទឹកភ្នែកពីភ្នំពេញដល់បាត់ដំបង” “ស្ងប់ចិត្ត”ម៉ឺនយោជស្នេហ៍” ជាដើម។ ប្រភពដែលទម្លាយរឿងនេះបានលើកឡើងដែរថា អ្វីដែលោកចង់បានគឺការជួយផ្តល់ជាកម្លាំងចិត្តពីចម្ងាយ ការសាកសួរសុខទុក្ខពីក្រុមសិល្បករ ផលិតករ ផលិតកម្មដែលធ្លាប់បានស្គាល់អ្នកនិពន្ធល្បីល្បាញរូបនេះផង និងទុកជាគំរូសម្រាប់មនុស្សជំនាន់ក្រោយ និងចាត់ទុកជាការតបស្នងសងគុណចំពោះសពកវីនិពន្ធល្បីល្បាញរូបនេះផងដែរ៕
ដោយ៖ វឌ្ឍនា