ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា, ដូចអ្វីដែលក្រសួងបានជម្រាបជូន លោក លោកស្រី ទាំងអស់បានជ្រាប ពីវឌ្ឍនភាព និងសកម្មភាពនៃការនាំចេញកសិផល ក្នុងខេត្តពីរដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសវៀតណាម គឺខេត្តស្វាយរៀង និងខេត្តព្រៃវែង កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ជាមួយនឹងការបញ្ជាក់ពីលទ្ធផលដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់កសិករ និងអ្នកពាក់ព័ន្ធ ដោយបានអនុវត្តគោលនយោបាយវិស័យកសិកម្ម និងជាពិសេស អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យកសិករបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផលិតនូវផលិតកម្មកសិកម្មដើម្បីធានាបាននូវសន្តិសុខស្បៀង ដោយអនុវត្តន៍តាមបច្ចេកវិទ្យាកសិកម្មថ្មី ស្របតាមស្តង់ដា ប្រកបដោយគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង ក្នុងដំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើសកលលោកកំពុងប្រឈមនឹងការរីករាលដាលជាសកលនៃមេរោគកូវីដ-១៩ គឺបានធ្វើឲ្យកសិផលនៅកម្ពុជាមានការកើនឡើង រួមជាមួយនឹងការកើនឡើងនៃការនាំចេញកសិផលទៅកាន់ប្រទេសជិតខាង តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ ២០២១ គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុត បើទោះបីប្រទេសកម្ពុជា និងបណ្តាជិតខាង បាននិងកំពុងប្រឈមជាមួយការរីករាលដាលនៃជម្ងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។
លោករដ្ឋមន្ត្រីថ្លែងបន្តថា, ថ្ងៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមបន្តផ្តល់ជូននូវវឌ្ឍនភាពនៃការនាំចេញផលិតផលកសិកម្ម ដែលទទួលបានរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា ដែលបានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ ទៅកាន់ប្រទេសជិតខាងក្នុងនោះមាន៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដូចខាងក្រោម៖
១- ខេត្តរតនគិរី៖
– ចេកអំបូងលឿង: ២៥ ៥៦០ តោន
– ចំណិតដំឡូងមីក្រៀម: ២០ ០៩៤ តោន
– ម្នាស់ស្រស់: ៥៩២ តោន
– គ្រាប់ស្វាយចន្ទី: ៨ ០៦២ តោន
– ស្វាយកែវរមៀតស្រស់: ៦៣៧ តោន
– ក្រូចថ្លុង: ៧៧ តោន
– ខ្នុរ: ២៤៨ តោន
២- ខេត្តតាកែវ៖
– ស្រូវ: ២០៦ ១៦២ តោន
– ស្វាយកែវរមៀតស្រស់: ២០ ៣០៨ តោន
៣- ខេត្តកំពត៖
– ស្រូវ: ៥៩ ៧១០ តោន
៤- ខេត្តបាត់ដំបង៖
– ដំឡូងមីស្រស់: ១១១ ៨២០ តោន
– ផ្លែស្វាយស្រស់: ១ ៥៤៣ តោន៕
ដោយ ៖ សិលា