ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី៣០ ខែមីនា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីអាមេរិក លោកបៃឌិន នឹងជួបពិភាក្សា គ្នា នៅថ្ងៃទី៩ខែមេសា នៅទីក្រុងវ៉ាស៊ីនតោន។
នេះជាជំនួបដំបូងរបស់ប្រធានាធិបតីបៃឌិន ជាមួយនឹងមេដឹកនាំ នៅក្រៅប្រទេសចាប់តាំងពីឡើងកាន់តំណែង នៅថ្ងៃទី ២០ខែមករាឆ្នាំ២០២១។ សារព័ត៌មានក្យូដូ របស់ជប៉ុន បានផ្សាយថា ជំនួបពិភាក្សា រវាងមេដឹកនាំទាំងពីរ នឹងផ្តោតទៅលើ សន្តិសុខនៅក្នុងតំបន់ ក៏ដូចជាសកម្មភាព បរមាណូនៅកូរ៉េខាងជើង និងបម្រែបម្រួលអាកាសធាតុ។
តាមការលើកឡើងរបស់ក្រុមអ្នកឯកទេស ជំនួបពិភាក្សារវាងមេដឹកនាំទាំងពីរ ផ្តោតទៅលើទំនាក់ទំនងសម្ព័ន្ធមិត្តទ្វេភាគី និងការទប់ស្កាត់ឆ្លងកូវីដ-១៩ ។ ក្រៅពីនេះគឺបញ្ហាសេរីភាពចរាចរណ៍នៅលើដែនសមុទ្រ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នឹងចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់អាមេរិក នៅថ្ងៃទី ៨ខែមេសា ហើយវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញ នៅថ្ងៃទី១១ខែមេសា ។ មុនពេលបំពេញទស្សនកិច្ចទៅកាន់អាមេរិក លោកSuga បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Plizer របស់អាមេរិក៕

ដោយ៖ធីរីណា(រូបភាព៖ VOV)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច