រយៈពេលជាងមួយឆ្នាំទៅហើយ សំណួរពាក់ព័ន្ធនឹងប្រភពដើមនៃការឆ្លងវីរុសកូវីដ នៅតែជាចម្ងល់នៅឡើយ រហូតដល់ក្រុមអ្នកជំនាញអន្តរជាតិទើបបង្ហើបរបាយការណ៍ថ្មីបឋមនៅថ្ងៃនេះ ៖
វីរុសស្រដៀងនឹងមេរោគកូវីដត្រូវបានគេរកឃើញនៅក្នុងសត្វប្រចៀវនិងសត្វពង្រូល ប៉ុន្តែសួរថាសត្វអ្វីដែលជាអ្នកចម្លងទៅមនុស្សមុនគេនៅមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។ របាយការណ៍សិក្សាដោយក្រុមអ្នកជំនាញអន្តរជាតិចំនួន៣៤រូប បានបង្ហាញថា “សត្វស្ការនិងឆ្មា” ត្រូវបានគេដឹងថាងាយនឹងឆ្លងអាចស្ថិតក្នុងចំណោមសត្វដែលអាចមានសក្តានុពលក្នុងការផ្ទុកមេរោគនេះ។
តើការសិក្សារកឃើញអ្វីប្លែក?
ក្រុមអ្នកជំនាញបានផ្តល់នូវសេណារ៉េយ៉ូចំនួន៤ អំពីលទ្ធភាពនៃប្រភពចម្លងវីរុស៖
១. សត្វព្រៃដែលត្រូវបានគេចាប់យកមកចិញ្ចឹមនៅកសិដ្ឋាន។
២. ទំនងជាការចម្លងដោយផ្ទាល់ពីសត្វមួយក្នុងចំណោមសត្វដែលគេដឹងថាផ្ទុកវីរុសកូវីដស្រដៀងគ្នាដូចជាសត្វប្រចៀវ ឬសត្វពង្រូល។
៣. អាហារកកឬក្លាសេ អាចចម្លងបាន ប៉ុន្តែមិនអាចទៅរួចទេ។
៤. ចេញពីមន្ទីរពិសោធន៍នៅឯវិទ្យាស្ថានវូហាន មានលទ្ធភាពតិចតួចណាស់ ។
អាមេរិកនិយាយយ៉ាងដូចម្តេចពីប្រភពចម្លងវីរុសកូវីដ?
រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា វិទ្យាស្ថានជីវសាស្រ្តវូហាននៅប្រទេសចិន អាចជាកន្លែងកំណើតនៃវីរុសដោយអ្នកស្រាវជ្រាវមួយចំនួននៅទីនោះអាចបង្កើតរោគសញ្ញាដូចគ្នានឹងកូវីដ-១៩ នៅរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ២០១៩ ។ ប៉ុន្តែក្រុមអ្នកជំនាញអន្តរជាតិដែលបានទៅ សិក្សាផ្ទាល់បាននិយាយថា “ពួកគេមិនបានរកឃើញភ័ស្តុតាងណាមួយដើម្បីគាំទ្រការអះអាងនេះទេក្នុងអំឡុងពេលទស្សនកិច្ចមួយដែលបានធ្វើនៅចន្លោះខែមករានិងខែកុម្ភៈ ឆ្នាំ២០២១ ទៅកាន់ទីក្រុងវូហានដើម្បីស៊ើបអង្កេតពីប្រភពដើមនៃវីរុសនេះ” ។ ក្រុមអ្នកជំនាញបានបន្ថែមថា ការគ្រប់គ្រងសុវត្ថិភាពនៅឯវិទ្យាស្ថានវូហាន និងមន្ទីរពិសោធន៍ពីរផ្សេងទៀតដែលនៅក្បែរនោះមានលក្ខណៈល្អសមរម្យ និងមិនមានករណីឆ្លងក្នុងចំណោមបុគ្គលិកនៅក្នុងវិទ្យាស្ថានវូហាននិងមន្ទីរពិសោធន៍ទាំងនោះឡើយនៅមុនខែធ្នូ ឆ្នាំ២០១៩ ពោលគឺនៅពេលករណីមនុស្សដំបូងបានឆ្លងវីរុសកូវីដនៅវូហាន ប្រទេសចិន។
ចិននិយាយយ៉ាងដូចម្តេចពីប្រភពចម្លងវីរុសកូវីដកាលពីកើតឡើងភ្លាម?
អាជ្ញាធរចិនបានអះអាងថាវីរុសនេះអាចត្រូវបាននាំចូលមកក្នុងប្រទេសខ្លួនតាមរយៈការនាំចូលអាហារក្លាសេ (ទំនងចង់សំដៅទៅលើអាមេរិក)។ ប៉ុន្តែតាមការសិក្សារបស់ក្រុមអ្នកជំនាញអន្តរជាតិ បាននិយាយថា “ការចម្លងបែបនេះអាចទៅរួច ប៉ុន្តែវាមិនអាចផ្ទៀងផ្ទាត់បានទេព្រោះផលិតផលកកនាំចូលមិនត្រូវបានគេចាត់ទុកថាជាអ្នកចម្លងនៅដំណាក់កាលដំបូងនៃការរីករាលដាលនៃវីរុស ហើយក៏មិនមានការធ្វើតេស្តណាមួយនៅពេលនោះដែរ” ។
របាយការណ៍លំអិតពីការសិក្សានឹងចេញពេលណា?
អង្គការសុខភាពពិភពលោកគ្រោងនឹងចេញរបាយការណ៍ចុងក្រោយស្តីពីការស៊ើបអង្កេតរបស់ខ្លួនទៅលើប្រភពដើមវីរុសវីរុសនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះហើយ ។
ក្រុមអ្នកជំនាញអន្តរជាតិជានរណា?
ក្រុមនេះមានសមាសភាពចំនួន៣៤ រូប ក្នុងនោះមានអ្នកជំនាញជនជាតិចិនចំនួន១៧រូប និងអ្នកជំនាញ១៧រូបទៀតមកពីប្រទេសផ្សេងៗ និងអង្គការអន្តរជាតិ រូមទាំងអង្គការសុខភាពពិភពលោក (WHO) អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) និងអង្គការសុខភាពសត្វពិភពលោក បានចំណាយពេល២៨ថ្ងៃនៅទីក្រុងវូហានចាប់ពីថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យវិទ្យាស្ថាននិងកន្លែងផ្សេងទៀតដែលគិតថាមានទំនាក់ទំនងជាមួយវីរុស ដូចជានៅទីផ្សារអាហារសមុទ្រ ៕
ប្រភព៖ Kyodo News និង CNN