ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញកូវីដ-១៩ លើអភិបាលរងក្រុងស្វាយរៀងម្នាក់ និងបានប៉ះពាល់មនុស្សជាង១០០នាក់ផ្សេងទៀត, អាជ្ញាធរអំពាវនាវឲ្យអ្នកប៉ះពាល់ផ្ទាល់យកសំណាក និងប៉ះពាល់ប្រយោលធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងសេចក្តីជូនដំណឹង នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្តីពីការរកឃើញអ្នកពាក់ព័ន្ធជាមួយបុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ មានវិជ្ជមាន ជំងឺកូវីដ-១៩ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅក្រុងស្វាយរៀង។

រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជនទាំងអស់ជ្រាបថា យោងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្តីពីករណីបុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ បម្រើការងារនៅក្រុងស្វាយរៀង វិជ្ជមានជំងកូវីដ-១៩ ។

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងមក បុរសជនជាតិខ្មែរឈ្មោះ សរ សុដានី អាយុ ៣៩ឆ្នាំ បាន ប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
ក្រុមការងារបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិខ្មែរ ខាងលើ សរុបមានចំនួន ១០៥នាក់ ស្រី ២៩នាក់ អ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី ៨នាក់ បានយកវត្ថុ វិភាគសំណាកចំនួន ៦នាក់ នៅសល់ ៣៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវ បានដាក់ធ្វើចត្តាឡីសឹករយៈពេល ១៤ថ្ងៃ និងអ្នកប៉ះពាល់ប្រយោល ៦១នាក់ ស្រី ២១នាក់ ធ្វើចត្តាឡីស័ក នៅតាមផ្ទះ។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាខ្លួនបានប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ គិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬ ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់ វិធានការបន្ត ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងចូលរួមអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារ ជំងឺកូវីដ-១៩ *៣ការពារ ៣កុំ” ស្របតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៕

ដោយ ៖ សិលា


ចែករំលែក៖