ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០មុឺនដុល្លារ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ(ហ្លួងម៉ែ)

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០០.០០០USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ <<ហ្លួងម៉ែ>>។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា!

សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត !
ខ្ញុំមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែល សម្តេចអគ្គមហាសេនាបតីតេជោ បាន ទិញយកមន្ទីរពេទ្យ * នគរទេព” ហើយបានប្តូរឈ្មោះមន្ទីរពេទ្យនេះមកមន្ទីរពេទ្យ “ហ្លួងម៉ែ “ ដើម្បី បម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្ស័សុខុមាលភាពជូនប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមចូលរួមជួយវិភាគទានព្រះរាជទ្រព្យ ចំនួន ២០០.០០០ USD (ពីររយពាន់ដុល្លារសហរដ្ឋ អាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ”ហ្លួងម៉ែ “ ។

ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលបាន ដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសន៍ ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ ។

ខ្ញុំសូមប្រសិទ្ធពរដ៏ល្អបវរ សូម សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងសមាជិក-សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា សូមទទួលបាននូវ មហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូម បានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖