ខេត្តតាកែវ៖ បើយោងតាមការបញ្ជាក់ពីលោក កេត ម៉ៅ អភិបាលស្រុកសំរោង បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋ ជាង៤០០នាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ១២មីនា ក្នុងថ្ងៃមង្គលការមួយនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ទាំងផ្ទាល់និងប្រយោល គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់។
សូមជម្រាបដែរថា កាលពីថ្ងៃអង្គារ៍ទី៣០ ខែមីនាម្សិលមិញនេះ មន្រ្តីសុខាភិបាលជាច្រើននាក់ បានបន្តចុះទៅយកសំណាកប្រជាពលរដ្ឋខាងលេីនេះ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ជាលើកទី៤ ដែលជាប់ពាក់ព័ន្ធនិងពិធីរៀបមង្គលការមួយកន្លែងនៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោងកាលពីថ្ងៃទី១២ ខែមីនា កន្លងទៅនេះ។ បន្ទាប់ពីក្រុមគ្រូពេទ្យ បានធ្វើតេស្តលើកទី៣ ទៅលេីបុរសជាចុងភៅម្នាក់នៅក្នុងពិធីមង្គលការនោះ រកឃើញវិជ្ជមានជំងឺកូវីដ-១៩។
បេីតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត នុត ស៉ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងនៅថ្ងៃទី៣០ មីនានេះថា អ្នកដែលពាក់ព័ន្ធទៅនឹងពិធីមង្គលការខាងលើ ដែលមានទីលំនៅក្នុងស្រុកសំរោង ស្រុកបាទី ស្រុកត្រាំកក់ និងក្រុងដូនកែវ ត្រូវបានមន្រ្តីសុខាភិបាលចុះទៅយកសំណាកតាំងពីថ្ងៃទី២៩ មីនា រហូតមកដល់ថ្ងៃនេះ បានចំនួនជាង៣០០នាក់ហើយ ដើម្បីយកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ លើកទី៤ ។
គួរបញ្ជាក់ថា ចំពោះការចុះយកសំណាកលើកទី៤នេះ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ពិធីរៀបមង្គលការនៅក្នុងស្រុកសំរោង គឺបន្ទាប់ពីបុរសជាចុងភៅ នៅក្នុងពិធីមង្គលការខាងលើដែលមានទីលំនៅក្នុងក្រុងដូនកែវត្រូវបានធ្វើតេស្តលើកទី៣ រកឃើញជំងឺកូវីដ-១៩ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕
ដោយ៖សហការី