ភ្នំពេញ ៖ បុរសម្នាក់បានទារលុយពីអ្នកជំពាក់ចំនួន១មុឺនរៀលមិនបាន ថែមទាំងត្រូវអ្នកជំពាក់លុយកាប់៣កាំបិតចំខ្នងបណ្ដាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សុខ កា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់តុការ ស្នាក់នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
រីឯជនបង្កមានឈ្មោះ ពៅ អាយុជាង២០ឆ្នាំ មុខរបរមិនពិតប្រាកដ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះបានទៅទារលុយពីជនដៃដល់ចំនួន១មុឺនរៀល តែជនបង្កគ្មានលុយឲ្យទេថែមទាំងទាស់សម្ដីគ្នារហូតទាញកាំបិតកាប់មកលេីជនរងគ្រោះពីក្រោយខ្នង៣កាំបិត បណ្ដាលឲ្យហូរឈាមពេញខ្លួនរងរបួសធ្ងន់ បន្ទាប់មកជនដៃដល់គេចខ្លួនបាត់ស្រមោល ។
ក្រោយកេីតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកតាមកង់បីឥណ្ឌាមកកាន់មន្ទីរពេទ្យបង្អែកច្បារអំពៅដេីម្បីព្យាបាលរបួស ។ ក្នុងនោះដែរខាងមន្ទីរពេទ្យដែលប្រចាំការហាក់បីដូចជាមិនចង់ជួយសង្គ្រោះ ដោយរុញទៅឲ្យខាងមន្ទីរពេទ្យធំ និងពន្យារពេលជិតមួយម៉ោងទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏ឲ្យជនរងគ្រោះដេីរចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ដេីម្បីព្យាបាលរបួសតែម្ដង ៕
ដោយ៖ភារ៉ា ដង្កោ