ព័ត៌មានទាន់ហេតុការណ៍៖

បាតុភូតធម្មជាតិខ្យល់កួច បំបាក់ផ្ទះមួយខ្នង របួសធ្ងន់ស្រ្តីម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បាតុភូតធម្មជាតិខ្យល់កួចយ៉ាងខ្លាំងមួយបានកើតឡើងបណ្តាលឲ្យផ្ទះ០១ខ្នង សង់នៅជាប់នឹងដីរលំរមូរចូលគ្នាបង្កឲ្យម្ចាស់ផ្ទះម្នាក់បានរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៅទីនោះជួយដឹកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។
បាតុភូតធម្មជាតិនេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១ នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
តាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា នៅវេលាកណ្តាលថ្ងៃត្រង់ ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១ ម្សិលមិញ មានបាតុភូតខ្យល់កួចយ៉ាងខ្លាំងត្រង់ចំណុចបឹងជង្រុក ស្ថិតនៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយខ្យល់កួចនោះបានវិលកួចចំផ្ទះស្ត្រីវ័យចំណាស់ម្នាក់ ឈ្មោះ រី អាយុប្រហែល៥៣ ឆ្នាំ។ ខណៈដែលជនរងគ្រោះកំពុងនៅក្នុងផ្ទះ ខ្យល់កួចបានបំបាក់ផ្ទះរបស់គាត់រមូរចូលគ្នាបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដែលនៅប្រចាំការទីនោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

លោកវរសេនីយ៍ឯក បេន សំអាតអធិការនគរបាលស្រុកម៉ាឡៃបានបញ្ជាក់ថា ផ្ទះដែលរងនូវការខូចខាតដោយខ្យល់កួចនោះធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី សង់ជាប់នឹងដី មានទំហំ ៤ម X៥ម ត្រូវបានដួលរលំរមូរចូលគ្នាខូចខ្ទេចខ្ទីអស់ រួមទាំង សម្ភារៈនៅក្នុងផ្ទះក៏ខូចខាតយ៉ាងដំណំផងដែរ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖