ព័ត៌មានទាន់ហេតុការណ៍៖

តាមរយ:លោករដ្ឋមន្ត្រី វេង សាខុន ក្រុមហ៊ុន និងសមាគមន៍មួយចំនួន បានជួយឧបត្ថម្ភជាម៉ាស់ និងអាល់កុល សម្រាប់យកទៅ ចែកជូនបងប្អូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមការអំពាវនាវរបស់ លោករដ្ឋមន្ត្រី វេង សាខុន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងពេលថ្មីៗកន្លងមកនេះ មានក្រុមហ៊ុន និងសមាគមន៍មួយចំនួន បានជួយឧបត្ថម្ភជាម៉ាស់និងអាល់កុល សម្រាប់យកទៅ ចែកជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃខេត្ត កំពង់ចាម ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

ក្រុមហ៊ុន និងសមាគមន៍ ដែលបានបរិច្ចាគទាំងនោះរួមមាន៖ សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបានជួយឧបត្ថម្ភម៉ាស់ចំនួន ៧៥ ០០០ម៉ាស់ និងអាល់កុលចំនួន ៦០០លីត្រ សមាគមន៍ វារីវប្បករកម្ពុជាម៉ាស់ចំនួន ៥០ ០០០ម៉ាស់ ក្រុមហ៊ុន AgriMaster ម៉ាស់ចំនួន ២០ ០០០ម៉ាស់ និងអាល់កុលចំនួន ២០០លីត្រ ក្រុមហ៊ុន Green Feed ម៉ាស់ចំនួន ២៥ ០០០ម៉ាស់។ ភ្ជាប់ទៅនឹងជំនួយឧបត្ថម្ភនេះ លោករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសន្តានចិត្តសប្បុរសធម៌របស់សមាគមន៍ និងក្រុមហ៊ុន ក្នុងឆន្ទ:ចូលរួមបង្ការ និងទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។ ស្ថិតក្នុងកាល:ទេស:ដ៏លំបាកដែលប្រទេសជាតិយើង កំពុងប្រឈមនាពេលបច្ចុប្បន្ននេះ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យដល់គ្រប់បណ្តាក្រមហ៊ុន សមាគមន៍ និងសហគមន៍កសិកម្មនៅទូទាំងប្រទេស ត្រូវបន្តយកចិត្តទុកដាក់ការពារសុខភាព មន្រ្តី បុគ្គលិក កម្មករ និងសមាជិកគ្រប់ៗរូបឲ្យបានល្អ ចៀសវាងឲ្យបាននូវការឆ្លងជំងឺ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ និងវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ព្រមជាមួយគ្នានេះ ត្រូវខិតខំ និងរក្សាឲ្យបាននូវសកម្មភាពអាជីវកម្មរបស់ខ្លួន ធ្វើយ៉ាងណារក្សានិរន្តរភាពផលិតកម្ម ប្រយោជន៍ដើម្បីរក្សាការងារ ប្រាក់ចំណូលរបស់បុគ្គលិក កម្មករ ធានាបាននូវសន្តិសុខស្បៀង អាជីវកម្មផលិត និងប្រើប្រាស់វត្ថុធាតុដើមដែលកសិករផលិត និងឈានទៅធ្វើឲ្យកាន់តែល្អប្រសើរនូវគុណភាពផលិតផល ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារក្នុង និងក្រៅប្រទេស។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី បានបន្តធ្វើការអំពាវនាវដល់ក្រុមហ៊ុន សមាគមន៍ សហគម និងសប្បុរសជនដែលមានបំណងជួយឧបត្ថម្ភជាម៉ាស់ អាល់កុល ឬគ្រឿងឧបភោគ បរិភោគ សម្រាប់យកទៅចែកជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលកំពុងមានការខ្វះខាត ជាពិសេសបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ក្រសួងនឹងរង់ចាំទទួលដោយចិត្តស្មោះសរ និងសូមអរគុណទុកជាមុនចំពោះសន្តានចិត្តដ៏ប្រពៃនេះ។ សូមអញ្ជើញទាក់ទងមកលោក ជាម ច័ន្ទ វាសនា (ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល) លេខ ០១២ ៨៤១៨៦៧ ឬលោក ឃី វិបុលបុត្រា (ជំនួយការលោករដ្ឋមន្ត្រី) លេខ ០១២ ៣៨២ ៩៩៩៕

ដោយ ៖ សិលា


ចែករំលែក៖