ក្រុមបាតុករនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្តដង្ហែក្បួនបាតុកម្ម គម្រប់២ខែ២ថ្ងៃ កើតឡើងនៃការធ្វើរដ្ឋប្រហារយោធា ក្នុងប្រទេសនេះ នាថ្ងៃទី១ខែកុម្ភៈ។ បើទោះបីអំពើហិង្សាកើនឡើង តែក្រុមបាតុករមីយ៉ាន់ម៉ានៅតែបន្តធ្វើបាតុកម្មប្រឆាំងយោធាដដែល។
កម្លាំងសន្តិសុខមីយ៉ាន់ម៉ា មិនទាន់អាចបញ្ចប់ការប្រឆាំងពីពលរដ្ឋបាននៅឡើយទេក្នុងរយៈពេល២ខែកន្លងមក បើទោះបីបានប្រើហិង្សាវាយប្រហារទៅលើក្រុមបាតុករក្ដី។
ពលរដ្ឋនៅទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា បានជួបជុំគ្នា ដើម្បីគោរពវិញ្ញណក្ខន្ធដល់ជនរងគ្រោះជាង៥០០នាក់ស្លាប់ដោយសារការធ្វើបាតុកម្ម ។ បន្ទាប់មក ក្រុមបាតុករក៏បានស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលយោធាទាមទារឲ្យដោះលែងលោកស្រីអោងសាន ស៊ូជី។
នៅថ្ងៃទី១ខែមេសា កន្លងមក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសរួម ថ្កោលទោស យ៉ាងខ្លាំងដល់អំពើហិង្សាសម្លាប់ពលរដ្ឋមីយ៉ាន់ម៉ារាប់រយនាក់ រួមទាំងស្ត្រីនិងកុមារ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ សារព័ត៌មាន Irrawaddy បានផ្សាយថា កម្លាំងប៉ូលិសនៅក្នុងស្រុក Mae Sai ជាប់ព្រំដែនភាគខាងជើងប្រទេសថៃ បានរឹបអូសគ្រាប់កាំភ្លើងរាប់ពាន់គ្រាប់ និងគ្រាប់បែក១០០គ្រាប់ ។ គ្រាប់រំសេវទាំងនោះបានបញ្ជូនទៅកាន់ស្រុក Tachileik ប្រទេសមីយ៉ាន់ម៉ា ដើម្បីតតាំងជាមួយកម្លាំងទាហានរដ្ឋាភិបាល។
កាលពីថ្ងៃទី២៨ខែមីនា កម្លាំងប៉ូលិស និងទាហានមីយ៉ាន់ម៉ា បានរកឃើញគ្រាប់កាំភ្លើង៦០០០គ្រាប់ ទំហំ៥,៥៦មិល្លីម៉ែត្រ និងគ្រាប់បែកប្រភេទ K75។
កន្លងមកការបាញ់ប្រហារគ្នាយ៉ាងខ្លាំងជាមួយកម្លាំងទាហាននៅរដ្ឋកាឈីន(Kachin) បណ្តាលឲ្យទាហានមីយ៉ាន់ម៉ា ២០នាក់ស្លាប់ និងដុតបំផ្លាញរថយន្តយោធា ៤គ្រឿង ។ កម្លាំងទាហានការ៉ែន គឺជាក្រុមធំបំផុត ក្នុងចំណោម កម្លាំងទាហានជនជាតិភាគតិច នៅក្នុងប្រទេសនេះ ។ ជាមួយគ្នានេះ ការវាយប្រហារគ្នាបណ្តាលឲ្យពលរដ្ឋជាច្រើនភៀសខ្លួនទៅកាន់ប្រទេសថៃ។
ការវាយប្រហារគ្នាកើតឡើង ក្រោយពេលទាហានមីយ៉ាន់ម៉ាបើកការវាយប្រហារតាមដែនអាកាស ទម្លាក់គ្រាប់បែកទៅលើទីតាំងជាច្រើនរបស់ទាហានការ៉ែន ។ នៅថ្ងៃទី៣១ខែមីនា ទាហានការ៉ែនក៏បានវាយប្រហារទីតាំងប៉ូលិសនៅស្រុក Shwegu ក្នុងរដ្ឋកាឈីន ដោយរឹបអូសបានអាវុធជាច្រើន។
ដោយការវាយប្រហារគ្នាកើនឡើង នៅថ្ងៃទី១ខែមេសា កម្លាំងទាហានមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធមួយចំនួននៅក្នុងប្រទេសនេះរយៈពេល១ខែ៕
ដោយ៖ធីរីណា
រូបភាព៖Reuters
រូបភាព៖AP