ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពអនុប្រធានភូមិម្នាក់នៅក្បែរផ្លូវលំសង្ស័យស្រវឹងស្រាបើកម៉ូតូបុកដើមឈើ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋក្នុងភូមិនាំគ្នាភ្ញាក់ផ្អើល បន្ទាប់ពីបានប្រទះឃើញ សាកសព បុរសម្នាក់ជាអនុប្រធានភូមិនៅក្បែរផ្លូវលំដែលគេសង្ស័យស្រវឹងស្រាបើកម៉ូតូបុកដើមឈើនៅក្បែរចិញ្ចើមផ្លូវបណ្តាលឲ្យដួលបោកក្បាល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចខាងត្បូងផ្លូវចូល ភូមិម៉ៅប្រហែល២៥០ម៉ែត្រស្ថិត ក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ យឹម ព្លឿន ភេទប្រុស អាយុ៦០ឆ្នាំ ជាអនុភូមិអំពិល មានទីលំនៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានស្លាប់នៅក្បែរម៉ូតូ។

ប្រភពដដែលបានបញ្ជាក់ថាជនរងគ្រោះទំនងជាស្រវឹងស្រាខ្លាំងបានបើកម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៨ពាក់ស្លាកលេខបន្ទាយមានជ័យ1T-6290បើកបរពីជើងទៅត្បូង។លុះដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកដើមត្រសេកនៅក្បែរចិញ្ចើមផ្លូវ១ដើមបណ្តាលឲ្យដួលបាក់កស្លាប់នៅនឹងកន្លែង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញទៅដល់វាស់វែងធ្វើកោសល្យវិច័យនិងបានប្រគល់សពជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖