ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានជួយសាងសង់បន្ទប់ទឹកមានបង្គន់សរុបចំនួន ១១បន្ទប់ ស្មើនឹងថវិកាចំនួន ៣,៣០០ ដុល្លារអាមេរិក។
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ដោយពិនិត្យឃើញអំពីផលលំបាកមួយចំនួនក្នុងការប្រើប្រាស់បន្ទប់ទឹករួមគ្នា និងដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ លោកបានសម្រេចចិត្តជួយសាងសង់បន្ទប់ទឹកមានបង្គន់ (បណ្តោះអាសន្ន) សរុបចំនួន១១បន្ទប់ ស្មើនឹងថវិកាចំនួន ៣,៣០០ដុល្លារ ដែលមានទំហំ ១,៥០ម៉ែត្រគុណនឹង២ម៉ែត្រ ធ្វើអំពីជញ្ជាំងស្មាតបត ឆ្អឹងដែក ចាក់សាប ដាក់លូស្តុកទឹក និងដាក់ធុងទឹកនៅតាមបន្ទប់នីមួយៗ ។
លោកឧត្តមសេនីយ៍ស្នងការបានប្រាប់ឱ្យជាងបំពាក់សម្ភារមួយចំនួនទៀតដើម្បីងាយស្រួលដល់បងប្អូនកងកម្លាំងប្រើប្រាស់ ។
លោកឧត្តមសេនីយ៍បានអំនាវនាវសូមឱ្យចូលរួមទាំងអស់គ្នា ដើម្បីការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ ៣កុំ ៕
ដោយ៖ វណ្ណៈ