ព័ត៌មានទាន់ហេតុការណ៍៖

ទេព កញ្ញា បង្ហាញមុខគូស្នេហ៍ជាអាណិកជននៅអាមេរិកជាបុរសស្រស់សង្ហា

ចែករំលែក៖

ភ្នំពេញ៖ មានប្រិយមិត្តជាច្រើនបានសម្តែងការភ្ញាក់ផ្អើលក្រោយពីកញ្ញា ទេព កញ្ញា បានបង្ហាញរូបថតស្និទ្ធស្នាលកៀកកើយជាមួយបុរសសង្ហាម្នាក់អមដោយសារដ៏ផ្អែមល្ហែម។ សារនេះបានទម្លាយកាលពីរាត្រីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះនៅលើបណ្តាញសង្គមរបស់នាងផ្ទាល់អមដោយភាសាដ៏ផ្អែមល្ហែម។

   មុនពេលបង្ហោះរូបថតទាំងនេះ ទេព កញ្ញា បានបញ្ចេញការភ្ជាប់ទំនាក់ទំនងស្នេហ៍ជាសាធារណៈនៅលើបណ្តាញសង្គមតាមរយៈការដាក់Relationship យ៉ាងភ្ញាក់ផ្អើល។ រូបថតបែប Pre-wedding ដែលទេព កញ្ញា បានបង្ហោះគឺអមដោយខ្លឹមសារយ៉ាងត្រជាក់ចិត្តថា ”អរគុណបងដែលចូលមកក្នុងជីវិតអូន ចូលមកបំពេញក្តីស្រលាញ់ ក្តីសុខយ៉ាងពេញលេញ និងផ្តល់គ្រប់យ៉ាងដែលអូនត្រូវការ ដឹងអត់ថាបងជាមនុស្សសំខាន់បំផុតនៅក្នុងជីវិតអូន”។

 សារនេះអមរដោយរូបភាពយ៉ាងស្និទ្ធស្នាលគួរឲ្យច្រណែន និងភ្ជាប់ដោយសារជូនពរយ៉ាងភ្ញាក់ផ្អើលពីអ្នករួមអាជីព និងអ្នកគាំទ្រជាហូរហែ។ ខណៈដែលគូស្នេហ៍នាងក៏បានភ្ជាប់ដោយសំណេរយ៉ាងផ្អែមល្ហែមថា បងពិតជាមានសំណាងដែលបានអូនជាគូជីវិតបង អូនគឺជាមនុស្សស្រីដែលស្អាត ឆ្លាត រឹងមាំ ទន់ភ្លន់តែមិនទន់ជ្រាយ បងសន្យានឹងមើលថែអូនអស់មួយជីវិត ។ ព្រះនាងតូចរបស់បង។ សារនេះបានធ្វើឲ្យអ្នកអានស្ទើរលើសជាតិស្ករច្រណែនឹងភាពផ្អែមល្ហែមខ្លាំងមិននឹកស្មានដល់។ 

ទោះជាយ៉ាងណាកន្លងមកគេមិនដែលបានដឹងអំពីការបង្ហើបចំណងស្នេហ៍នេះចាប់តាំងពីពេលណាមកទេ ស្រាប់តែស្ងាត់ៗនាងបញ្ចេញរូបថតអមដោយភាសាផ្អែមល្ហែមបែបនេះ និងជាសារដ៏កម្រមួយសម្រាប់នាង ដែលអ្នកសិល្បៈ និងអ្នកគាំទ្រជាច្រើនជូនពរឲ្យនាងឆាប់បានរៀបការជាផ្លូវការនោះ។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែងស្រីរូបនេះបាននៅឡើយទេ។ ទោះជាយ៉ាងណាតាមរយៈហ្វេសប៊ុកដែលនាងចែករំលែកនោះបានបញ្ជាក់ដែរថា បុរសនោះឈ្មោះ គិត ម៉ាយ៉ាវីននិងមិនមែនជាបុរសនៅកម្ពុជាឡើយ។ បើតាមការបង្ហើបពីអ្នករួមអាជីពលើកឡើងថា បុរសសង្ហាក្នុងរូបថតនោះគឺជាអាណិកជនរស់នៅសហរដ្ឋអាមេរិក ហើយធ្លាប់បានធ្វើដំណើរមកកម្ពុជាកាលពីប៉ុន្មានឆ្នាំមុន ហើយក៏ធ្លាប់រួមដំណើរបែបស្និទ្ធស្នាលរួមជាមួយកញ្ញាផងដែរ។ ប្រភពបន្តថា គេមិនដែលដឹងទេថាតើនាងនឹងសម្រេចចិត្តចូលរោងការនៅពេលណានោះដែរ៕ 

គួរបញ្ជាក់ដែរថា ថ្មីៗនេះទេព កញ្ញា គឺជាតារាសម្តែងស្រីស្រស់សោភា និងមានប្រជាប្រិយភាពខ្លាំងក្រោយពីនាងបានចូលរួមសម្តែងក្នុងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់ ពិសេសខ្សែភាពយន្តភាគទូរទស្សន៍នោះ ដែលបច្ចុប្បន្នខ្សែភាពយន្តដែលបាននិងកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នោះមានដូចជារឿង”ម្តាយ២” របស់ទូរទស្សន៍ហង្សមាស និងរឿងស្រមោលជីវិត” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងមានស្នាដៃសិល្បៈមួយចំនួនផ្សេងទៀតផងដែរ៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖