ភ្នំពេញ៖ នៅក្នុងរាត្រីថ្ងៃទី០២ខែមេសានេះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យនៅតាមទីតាំងរបស់គណៈបញ្ជា ការឯកភាពខណ្ឌនីមួយៗនៅនៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការនាំណែអោយអាជ្ញាធរនិងកងកម្លាំងទាំងអស់ អនុវត្តអោយមានប្រសិទ្ធភាពនូវ បំរាមគោរចរ ដែលបាននិងកំពុងអនុវត្តន៍ នៅយប់នេះ។ បំរាមគោរចរ បានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០១ខែមេសាឆ្នាំ២០២១ ដោយ មានរយៈពេលសប្តាហ៍ ចាប់ផ្ដើមពីម៉ោង៨ យប់រហូតដល់ម៉ោង៥ភ្លឺ។ នៅក្នុងឱកាសនៃការចុះត្រួតពិនិត្យគោលដៅនាគបាញ់ទឹកក្នុងខណ្ឌដូនពេញ នៅម៉ោងប្រមាណជាង០៨ នៃរាត្រីថ្ងៃទី០២ មេសារនេះ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌដូនពេញនិងកម្លាំងចម្រុះចំណុះអោយគណៈបញ្ជាការខណ្ឌ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាប្រជាពលរដ្ឋដែលមកពីបំពេញការងារក្នុងគោលបំណងទៅផ្ទះវិញ សូមអោយពួកគាត់បង្ហាញ កាតសំគាល់ខ្លួនដែលចេញដោយក្រុម រួចអោយពួកគាត់ទៅចុះ។ ក្រោយពីពិនិត្យនៅទីតាំងខាងលើរួច លោកឃួង ស្រេងក៏បានបន្តចុះទៅត្រួតពិនិត្យនៅគោលដៅនៃខណ្ឌឬស្សីកែវបន្តទៀត និងបន្តទៅគោលដៅផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ខណៈដែលបងប្អូនប្រជាពលរដ្ឋជាង៩០ភាគរយហើយបានអនុវត្តទៅតាមបំរាមគោរចរនេះ៕ ដោយ៖សំរិត