ព័ត៌មានទាន់ហេតុការណ៍៖

នាយកCDC​ អះអាងថា​៖ អ្នកដែលចាក់វ៉ាក់សាំង COVID-19 ពេញលេញ អាចធ្វើដំណើរក្នុងសហរដ្ឋអាមេរិក ដោយមិនបាច់ធ្វើតេស្ដ ឬចត្តាឡីស័កនោះ​ឡេី​យ

ចែករំលែក៖

អន្តរជាតិ​៖ បេីតាមការ​អះអាងរបស់លោកស្រី រ៉ូសសែល វ៉ាឡិនស្គី (Rochelle Walensky) នាយកមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក​ បានបញ្ជាក់ថា​ អ្នកដែលបានចាក់វ៉ាក់សាំង COVID-19 ពេញលេញ អាចធ្វើដំណើរដោយសេរីនៅក្នុងសហរដ្ឋអាមេរិក ដោយមិនចាំបាច់ឆ្លងកាត់ការធ្វើតេស្ដ ឬការធ្វើចត្តាឡីស័កនោះទេ។

លោកស្រី រ៉ូសសែល វ៉ាឡិនស្គី បានបញ្ជាក់ទៀតថា​ ជាមួយការអនុវត្តវិធានការបង្ការនានាក្នុងនោះរួមមាន​ ទាំងការពាក់ម៉ាសជាដើម អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញអាចធ្វើដំណើរនៅក្នុងសហរដ្ឋអាមេរិកដោយមិនចាំបាច់ឆ្លងកាត់
ការធ្វើតេស្ដ ឬការធ្វើចត្តាឡីស័កឡើយ។​ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC នៅថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១។

ដោយឡែក ចំពោះការធ្វើដំណើរទៅក្រៅប្រទេស អ្នកបានចាក់ពេញលេញក៏មិនចាំបាច់ធ្វើតេស្ដរក COVID-19 នោះដែរ លើកលែងតែ ប្រទេស ជាគោលដៅធ្វើដំណើរតម្រូវឱ្យធ្វើតេស្ដ ហើយក៏មិនចាំបាច់ធ្វើចត្តាឡីស័កនៅពេលត្រលប់មកកាន់សហរដ្ឋអាមេរិកវិញនោះដែរ។ ប៉ុន្តែពួកគេត្រូវ មានលទ្ធផលតេស្ដអវិជ្ជមាន COVID-19 មុននឹងឡើងជិះយន្ដហោះត្រលប់មកកាន់សហរដ្ឋអាមេរិកវិញ ហើយត្រូវធ្វើតេស្ដម្ដងទៀតពី៣ ទៅ៥ថ្ងៃ ក្រោយការត្រឡប់មកដល់របស់ពួកគេ។

យ៉ាងណាមិញ​ CDC អះអាងថា​ ខ្លួនមិនផ្ដល់អនុសាសន៍ ឬលើកទឹកចិត្តឱ្យប្រជាជនអាមេរិក ធ្វើដំណើរក្នុងកាលៈទេសៈបច្ចុប្បន្ននេះទេ ដោយសារតែករណីឆ្លងនៅតែមានកម្រិតខ្ពស់នៅឡើយ។

គួរបញ្ជាក់ថា​ នៅត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) សហរដ្ឋអាមេរិកនឹងមានប្រជាជនលើស១០០នាក់ ដែលបានចាក់ វ៉ាក់សាំងដូសទី១ ខណៈមនុស្សច្រើនជាង៥៦លាននាក់បានចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូស៕ដោយ​៖ស​ តារា​

 

លោកស្រី រ៉ូសសែល វ៉ាឡិនស្គី (Rochelle Walensky) នាយកមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក

 

រូបភាព​៖ឯកសារ​


ចែករំលែក៖