ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀង សម្រេចយកសណ្ឋាគារ ម៉ុកបាយ នៅក្រុងបាវិត ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមើលឃើញពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តស្វាយរៀង មានចំនួនកើនឡើងជាបន្តបន្ទាប់ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងកម្លាំងពាក់ព័ន្ធនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានចូលរួមសម្អាត និងរៀបចំបន្ទប់នៅសណ្ឋាគារ ម៉ុកបាយ នៅក្រុងបាវិត ដែលមានចំនួន ២៨៨បន្ទប់បន្ថែមទៀត ដើម្បីត្រៀមដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩។

ដោយក្នុងបេសកកម្មចុះជួយសម្អាត និងរៀបចំបន្ទប់សណ្ឋាគារ ម៉ុកបាយ បានប្រើប្រាស់កម្លាំងសរុបចំនួន ៦៥នាក់ ក្នុងនោះកម្លាំងប្រចាំបញ្ជាស្នងការដ្ឋាននគរបាលខេត្តចំនួន ៣០នាក់ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ១៥នាក់ និងកម្លាំងកងរាជអាវុធហត្ថចំនួន ២០នាក់។

សូមបញ្ជាក់ថាក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់៩៩នាក់ ក្នុងនោះភ្នំពេញ ៣៣នាក់ ខេត្តស្វាយរៀង ៤៤នាក់ ខេត្តកណ្តាល៥នាក់ ខេត្តកោះកុង ៨នាក់ ខេត្តត្បូងឃ្មុំ៤នាក់ ខេត្តព្រះសីហនុ៤នាក់ និងខេត្តតាកែវ១នាក់ ខណៈអ្នកជំងឺចំនួន៣២៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖