ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹកចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កឃុំពងទឹកស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ទី០៣ ខែមេសា ឆ្នាំ២០២១ លោក រស់ ផារិទ្ធប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹកស្រុករំដួលបានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន ៤នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កឃុំពងទឹក ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាជៀង អំ សេដ្ឋា ពងទឹក។

ក្នុងឱកាសនោះ លោក រស់ ផារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹកស្រុករំដួលបានជម្រាបជូនបងប្អូនអំពីស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ និងបានធ្វើការអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចនៅមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ រួមគ្នាបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោកបន្តថា ដោយត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈវិធានការ ៣ការពារ និង ៣កុំ ព្រមទាំងចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត និងត្រូវអនុវត្តតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវ ដើម្បីខ្លួនយើង គ្រួសារយើង សហគមន៍យើង និងប្រទេសយើង ។

បន្ទាប់មកលោក រស់ ផារិទ្ធ ក៏បានផ្តល់ជូនបងប្អូនទាំង ៤នាក់  ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងម្នាក់ៗទទួលបាន ទឹកបរិសុទ្ធ ៦យួរ មី ១កេស ព្រមទាំងសាប៊ូ អាល់កុល និងម៉ាស់មួយចំនួន និងបានឧបត្ថម្ភដល់ក្រុមប្រចាំការការពារនៅមណ្ឌលចត្តាឡីស័ក ទឹកបរិសុទ្ធ ១៥យួរ មី ៥កេស ព្រមទាំងសាប៊ូ អាល់កុល និងម៉ាស់មួយចំនួនផងដែរ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖