ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ឯ៤នាក់ទៀតរត់គេចខ្លួនបាត់ ករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពីរកន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់និង៤នាក់ទៀតបានរត់គេចខ្លួនរួច ពេលដែលកម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៤និងស្រុកកែវសីមាផងដែរ ចុះបង្ក្រាបពីរកន្លែងផ្សេងគ្នាហើយឃាត់ខ្លួននិងដកហូតបានវត្ថុតាងមួយចំនួនបញ្ជូនទៅសាលាដំបូងខេត្ត។

  ប្រតិបត្តិការបង្ល្រាបករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀននោះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី២ ខែមេសាឆ្នាំ២០២១ត្រង់ចំណុចជិតឃ្លាំងតាចាន់ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

   ការចុះបង្ក្រាបនោះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងសម្របសម្រួលដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។ ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ គឺ៖

ទី១.ឈ្មោះឡេង សំបូរ ហៅទូច ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ទី២.ឈ្មោះ ឡុង ផល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ទី៣.ឈ្មោះ ហ៉ីម ម៉ាត់ ហៅតុលា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិអ៊ិស្លាម មុខរបរកសិករ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

   រីឯពីរនាក់ទៀតដែលកំពុងរត់គេចខ្លួននោះទី១.ឈ្មោះ រិទ្ធិ ភេទប្រុស និងទី២.ឈ្មោះ កឹង ភេទប្រុស។

   ពេលបង្ក្រាបនោះសមត្ថកិច្ចឆែកឆេរដកហូតវត្ថុតាងបានរួមមានសារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាម្សៅក្រាមពណ៌សថ្លាចំនួន១០កញ្ចប់(១កញ្ចប់តូច ៨កញ្ចប់ធំល្មម និង១កញ្ចប់ធំ)ស្មើនឹង៤៥,៧០ក្រាម, រថយន្តម៉ាកកាមរីស្វិតពណ៌ស១គ្រឿង,ម៉ូតូ១គ្រឿង ម៉ាកExciter ពណ៌ខ្មៅ អត់ស្លាកលេខ,ទូរស័ព្ទម៉ាកVIVO១គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង, កន្ត្រៃ២ដើម,ដែកកេះ៣ដើម,កាបូប៤,

កាំភ្លើងស្នប់កែច្នៃ, កែវសម្រាប់ជក់គ្រឿងញៀនចំនួន៥និងឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន, ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

   លុះមកដល់វេលាម៉ោង២៣៖៥០នាទីថ្ងៃដដែល កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមាបានចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចផ្ទះមួយកន្លែងទៀតស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ពេលចុះបង្ក្រាបនោះជនសង្ស័យ២នាក់បានរត់គេចខ្លួនបាត់គឺទី១.ឈ្មោះ ខេម ភេទស្រីនិងទី២.ឈ្មោះ វី ភេទស្រី។ វត្ថុតាងដែលដកហូតបានមានសារធាតុសង្ស័យជាគ្រឿងញៀន១១កញ្ចប់(១០កញ្ចប់តូច០១កញ្ចប់ធំ)ស្មើនឹង៣៤,៤២ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង, កន្ត្រៃ ១ដើម, ដែកកេះ២ដើម, កាបូបដាក់ថ្នាំញៀន១, កែវសម្រាប់ជក់គ្រឿងញៀន២, ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួននិងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ 

ដោយ៖ ជីវ័ន្ត


ចែករំលែក៖