ខេត្តកណ្ដាល៖ បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារថា៖ សូមជម្រាបលោកពូ ទីតាំងលេងបាល់ទះគឺចន្លោះម៉ោង ៣ ដល់ម៉ោង ៦ល្ងាច ជារៀងរាល់ថ្ងៃ។ ចំណែកកន្លែងដែលមានការជួបជុំគ្នាផឹកស្រាច្រៀងខារ៉ាអូខេជាពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយក៏ខ្ញុំមិនស្គាល់ឈ្មោះរបស់ពួកគាត់ដែរ ។ ទីតាំង ភូមិត្រយឹង (ដីឡូត៍ខាងកើតភូមិឈាងខាងជើង) ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ភ្លាមនោះ ក្រុមការងារប្រតិកម្មរហ័ស ដោយមានការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដឹកនាំកម្លាំងចុះស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨៖០០នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក សហការជាមួយអាជ្ញាធរមូលដ្ឋាន ពិនិត្យលេីករណីនេះ ឃើញថា មានមនុស្សមួយក្រុម០៦នាក់ ប្រុស (អ្នកលេងនិងអង្គុយមេីល) អាយុចន្លោះពី១៤ទៅ១៦ឆ្នាំ នាំគ្នាលេងកីឡាបាល់ទះ (លេងកម្សាន្ត ពុំមានការភ្នាល់ដាក់លុយនោះទេ) នៅលេីដីឡូត៍ទំនេរមួយកន្លែង ស្ថិតនៅភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយពុំមានការផឹកស្រាច្រៀងខារ៉ាអូខេនោះទេ។ ពេលចុះទៅដល់កម្លាំងសមត្ថកិច្ចបានធ្វេីការអប់រំណែនាំដល់ពួកគាត់ ផ្អាកការជួបជុំជាបណ្តោះអាសន្ន រក្សាគម្លាតសុវត្ថិភាពសង្គម កាតព្វកិច្ចនៃការពាក់ម៉ាស់ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ។ ទិសដៅបន្ត កម្លាំងប៉ុស្តិ៍សហការជាមួយអាជ្ញាធរភូមិ-ឃុំ ចុះផ្សព្វផ្សាយអប់រំ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ការផ្សព្វផ្សាយច្បាប់នានា ពាក់ព័ន្ធការទប់ស្កាត់បង្ការជំងឺកូវីដ-១៩ ៕
ដោយ៖ស្អាង ជ័យ