ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា៖ ក្រុមឧទ្ទាមវាយប្រហារកម្លាំងសន្តិសុខ ស្លាប់និងរបួសជាង៥០នាក់

ចែករំលែក៖

ក្រុមឧទ្ទាម ណាសាលីត (Naxalite) រាប់រយនាក់ បានវាយឆ្មក់ទៅលើកម្លាំងសន្តិសុខ ឥណ្ឌាដែលកំពុងយាមល្បាតនៅក្នុងរដ្ឋ Chhattisarh ភាគកណ្តាលឥណ្ឌា បណ្តាលឲ្យទាហាន២២នាក់ស្លាប់ និងជាង៣០នាក់រងរបួស។
តាមប្រភពព័ត៌មានពីរដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា កម្លាំងសន្តិសុខ ឥណ្ឌាប្រមាណ១៥០០នាក់រួមទាំងទាហាន បានបញ្ជូនទៅកាន់រដ្ឋ Chhattisarh ដើម្បីកម្ចាត់ក្រុម ឧទ្ទាមនៅតំបន់ព្រំដែន ក្នុងស្រុក Bijapur និងSukma ស្ថិតនៅក្នុងរដ្ឋខាងលើ ក្រោយទទួលបានព័ត៌មានថាក្រុមឧទ្ទាមធ្វើសកម្មភាពនៅទីនោះ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា យ៉ាងហោចណាស់ក៏មានក្រុមឧទ្ទាម Naxalite ប្រមាណ៤០០នាក់ ដឹកនាំដោយ លោក Hidma មេបញ្ជាការកម្លាំងឧទ្ទាមរំដោះប្រជាជន PLGA បានបើកការវាយឆ្មក់ទៅលើកម្លាំងទាហាន ។ ក្រុមឧទ្ទាមបានលាក់ខ្លួននៅក្នុងព្រៃជ្រៅ ដែលជាទីតាំងរបស់ក្រុមឧទ្ទាមនេះ។
ក្រុមឧទ្ទាមបានប្រើប្រាស់ កាំភ្លើងយន្ត LMG និងគ្រឿងផ្ទុះ វាយប្រហារទៅលើកម្លាំងទាហានឥណ្ឌា។ ការវាយប្រហារគ្នាអូសបន្លាយអស់ជាច្រើនម៉ោង។ ក្រុមឧទ្ទាមប្រមាណជាង១០នាក់បានស្លាប់ ។ ក្រុមឧទ្ទាម Naxaliteគឺជាអ្នកនៅពីក្រោយការវាយប្រហារ សម្លាប់សន្តិសុខ៥នាក់ស្ថិតនៅក្នុងស្រុក Narayanpur កាលពីថ្ងៃទី២៣ខែមីនា ។
ក្នុងចំណោម១៤ស្រុកនៃ២៧ស្រុក ក្នុងរដ្ឋ Chhattisgarh បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារក្រុមឧទ្ទាមបង្កឡើង៕

ដោយ ៖ ធីរីណា


ចែករំលែក៖