ភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូន លោកនូវការអបអរសាទរយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្តចំពោះការតែងតាំងលោកឪ ជា ប្រធានាធិបតីវៀតណាម ។ ការទទួលបាននូវតំណែងដ៏ឧត្តុង្គឧត្តម និងស័ក្កសមបំផុតសម្រាប់លោក បានបង្ហាញអំពីជំនឿជឿជាក់ និងទំនុកចិត្តយ៉ាងខ្លាំងរបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម ទាំងមូលមកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់លោក។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការគ្រប់គ្រង និងការដឹកនាំដ៏ឈ្លាសវៃរបស់លោក សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងបន្តទទួលបាននូវការ រីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធំធេងថែមទៀត ឈានទៅសម្រេចបាននូវគោលដៅក្លាយ ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ និងបន្តបំពេញតួនាទីដ៏សកម្មទាំងនៅលើឆាកតំបន់ និងអន្តរ ជាតិ។
ខ្ញុំសូមសម្តែងនូវអំណរអរគុណដ៏ស្មោះជូនចំពោះលោក ដែលបានថែរក្សាពូនជ្រុំនូវចំណង មិត្តភាពជាប្រពៃណី និងធ្វើឲ្យកាន់តែសំបូរបែបនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ប្រទេសយើង ទាំងពីរ នៅក្នុងអាណត្តិលោកជានាយករដ្ឋមន្ត្រី។ ខ្ញុំជឿជាក់ថា ទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះ យើងមានតួនាទីផ្សេងគ្នាក៏ដោយ ទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់យើង នឹងនៅតែរឹងមាំ និងបន្តជាកត្តា ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឱ្យកាន់តែមានវិសាលភាពធំធេងជាងមុន។
ខ្ញុំសូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកបន្តវេន របស់លោកដើម្បីលើកកម្ពស់ភាពជាដៃគូយូរអង្វែង ផ្អែកលើ ស្មារតីភាពជា អ្នកជិតខាងល្អ សាមគ្គីភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសការជម្នះបាននូវបញ្ហាប្រឈមនានាដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមកពីការ រាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពរបស់ប្រជាជាតិយើងទាំងពីរ តំបន់ និងសាកលលោកទាំងមូល។
ខ្ញុំសូម លោក ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អ សុភមង្គល និងបន្តទទួលបានជោគជ័យថែមទៀតនៅក្នុងភារកិច្ចថ្មីដ៏ឧត្តុង្គឧត្តមរបស់លោក៕
ដោយ ៖ សិលា