ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់បន្ថែមថា សម្រាប់អាជីវករនៅផ្សារអូរឫស្សីទាំងអស់ អាចទៅយកសំណាករកជំងឺកូវីដ-១៩នៅវិទ្យាល័យបាក់ទូក។
រដ្ឋបាលខណ្ឌ៧មករា បានបញ្ជាក់ថា នៅពេលទៅយកសំណាក អាជីវករទាំងអស់ត្រូវបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅឲ្យបានច្បាស់លាស់ ជូនក្រុមគ្រូពេទ្យពិនិត្យសំណាកនៅវិទ្យាល័យបាក់ទូក។ ក្នុងករណីអាជ្ញាធរពិនិត្យឃើញថា អាជីវករណាខកខាន ឬគេចវេះមិនបានទៅយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារអូរឫស្សីដែលមានផ្ទុកជំងឺកូវីដ-១៩នោះ អាជ្ញាធរមិនអនុញ្ញាតឲ្យអាជីវករដែលមិនបានទៅយកសំណាករកជំងឺនោះចូលប្រកបអាជីវកម្មលក់ដូរ នៅពេលដែលបើកដំណើរការផ្សារឡើងវិញឡើយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ អាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សីចំនួន១៦នាក់ ក្នុងនោះមានអាជីវករ១២នាក់ និងសន្តិសុខ៤នាក់ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់។ ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារអូរឫស្សីទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេះមិនព្រមទៅយកសំណាក៕
ដោយ៖ សំរិត