ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាព ភ្នំពេញថ្មី ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកអភិបាលខណ្ឌបានឱ្យដឹងថា ដោយសារក្រុមការងារមន្រ្តីរាជការ សណ្តាប់ធ្នាប់សង្កាត់ និងក្រុមការងារប្រជាការពារភូមិធ្វើការផ្ទាល់ក្នុងមូលដ្ឋានងាយប្រឈមនឹងជំងឺ (ធ្វើការផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ និងយាមតាមទីតាំងចត្តាឡីស័ក ) ដូចនេះត្រូវបានផ្តល់អាទិភាពជូនពួកគាត់ចាក់មុនសិន។ ដោយឡែកប្រជាពលរដ្ឋដែលចង់ចាក់ដោយស្ម័គ្រចិត្តសូមរង់ចាំបន្តិចទៀតរយៈពេលខ្លីនឹងបានអញ្ជើញមកចាក់ទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ។
នៅពេលនេះអាជ្ញាធរខណ្ឌបានរៀបចំក្រុមការងារជួយសម្រួលរៀបចំសណ្តាប់ធ្នាប់ទីតាំងចាក់វ៉ាក់សាំងឱ្យមានរបៀបរៀបរយ ជួយសម្រួលក្រុមគ្រូពេទ្យ និងអ្នកមកចាក់វ៉ាក់សាំងឱ្យបានឆាប់រហ័ស មិនឱ្យរង់ចាំយូរ និងប្រកបដោយសុវត្ថិភាព ពិសេសរក្សាគម្លាតសុវត្ថិភាពសង្គម ។
លោកអភិបាលខណ្ឌសែនសុខបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមទប់ស្កាត់ការពារជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ «៣ការពារ ៣កុំ» ឱ្យមានប្រសិទ្ធភាព ៕
ដោយ៖ ចន្ទ លីហ្សា