ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ត្រួតពិនិត្យរថយន្ត​ ១៨គ្រឿង មានឯកសារត្រឹមត្រូវ​១៧គ្រឿង គ្មានឯកសារ ០១គ្រឿង និងម៉ូតូចំនួន​១២៥​គ្រឿងមានឯកសារត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១​ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដូនពេញ ចុះអនុវត្ត វិធានការ រដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានដាក់គោលដៅត្រួតពិនិត្យ នៅបណ្តោយ មហាវិថីព្រះនរោត្តម ដើម្បីឃាត់យានជំនិះគ្រប់ប្រភេទ ត្រួតពិនិត្យ លិខិតអនុញ្ញាត ។

ទន្ទឹមនឹងនេះ គណៈបញ្ជាការឯកភាព សង្កាត់ទាំង១១ ក៏បានម្ចាស់ការរៀងៗខ្លួន ដោយបន្តចុះណែនាំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អនុវត្តតាមការជូនដំណឹង របស់អជ្ញាធរ ដែលបានផ្សព្វផ្សាយរួចឲ្យបាន ម៉ឺងម៉ាត់បំផុត។

ក្នុង​ប្រតិបត្តិការ​នេះ​ ជាលទ្ធផលត្រួតពិនិត្យរថយន្ត ១៨គ្រឿង មានឯកសារត្រឹមត្រូវ១៧គ្រឿង ឃាត់រថយន្ត ០១គ្រឿង ដោយពុំមានឯកសារត្រឹមត្រូវ និងម៉ូតូ​ ១២៥គ្រឿង មានឯកសារត្រឹមត្រូវឲ្យត្រឡប់ទៅវិញ។

សូមជម្រាបថា​ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តចុះផ្សព្វផ្សាយ សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ គិតពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អាស្រ័យហេតុនេះ សូមបងប្អូនដែលរស់នៅក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ មេត្តាចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយើងទាំងគ្នា៕ដោយ៖ស តារា


ចែករំលែក៖