ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ៣៤នាក់ និងក្មេងតូចៗ៣នាក់ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ឈ្មោះ នេត ប៊ុនធាន ដែលបានទៅលេងស្រុកនោះ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាកទៅពិនិត្យ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។
ការចុះយកសំណាកនេះ ក្រោមការដឹកនាំរបស់លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៍ និងក្រោមកិច្ចសហការជាមួយក្រុមគ្រូពេទ្យស្រុកប្រតិបត្តិស្វាយទាប (OD)។
លោក សុច ពិសី និងក្រុមការងារបានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋដែលត្រូវបានយកសំណាកនេះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនរយៈពេល១៤ថ្ងៃ ហើយត្រូវពាក់ម៉ាស់ សម្អាតដៃនឹងសាប៊ូ ជែល ឬអាល់កុលឱ្យបានញឹកញាប់ ហើយរង់ចាំលទ្ធផលវិភាគសំណាកនៅពេលក្រោយទៀត។
រដ្ឋបាលស្រុកកំពង់រោទ៍ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួនត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ ៣កុំ» ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសាកលនេះ។
សូមបញ្ជាក់ថា ចំពោះស្ថានភាពទូទៅនៅស្រុកកំពង់រោទ៍ តំបន់កាស៊ីណូ និងតាមផ្ទះប្រជាពលរដ្ឋមួយចំនួនហាក់មានសភាពស្ងប់ស្ងាត់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ដោយបានគោរពទៅតាមវិធានការការពាររបស់ក្រសួងសុខាភិបាលនិងអាជ្ញាធរ ដោយផ្ទះលក់ទំនិញមួយចំនួនបានវាតខ្សែមិនឲ្យអ្នកទិញទំនិញចូលក្នុងផ្ទះបាននោះទេ ដោយឲ្យតម្រូវទិញពីខាងក្រៅវិញផងដែរ។
បើតាមការអាជ្ញាធរខេត្តស្វាយរៀងបានឱ្យដឹងថា ខេត្តស្វាយរៀងស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ថមថយនៅឡើយទេ ដោយមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រហូតដល់ទៅ ១២៣នាក់ និងមានអ្នកជាសះស្បើយតែ២នាក់ប៉ុណ្ណោះ ហើយអាជ្ញាធរបានត្រៀមមន្ទីរពេទ្យបន្ថែមទៀតសម្រាប់ព្យាបាលអ្នកជំងឺ ដោយបច្ចុប្បន្នមានមន្ទីរពេទ្យ២ គឺមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែកស្រុករំដួល សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ផងដែរ៕
ដោយ៖ យឹម សុថាន