ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបន្ថែម ៖ ចាប់បានឃាតកដែលសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ នៅខណ្ឌច្បារអំពៅជាពូថ្លៃជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះថា នគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនឃាតក ម្នាក់ ដែលសម្លាប់ក្មេងប្រុស ជា ប៊ុនហេង អាយុ១០ឆ្នាំ បានហើយ មូលហេតុដោយសារខឹងជនរងគ្រោះ វាយក្បាលខ្លួនឯងពីរដៃ ទើបសម្លាប់ជនរងគ្រោះ។ 

ករណីឃាតកម្មគិតទុកជាមុន នេះ កើតឡើងនៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អុន ភាម៉ុន អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

មុនពេលកើតហេតុជន សង្ស័យ និង កុមារារងគ្រោះ ជិះម៉ូតូម៉ាក MSX ពណ៌ស ស្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប រួចជិះចូលក្នុងដីឡូតិ៍ ចំណុចកើតហេតុ ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់មុខលើដីមានទឹកតិចៗបណ្តាលឲ្យស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រឡប់ទៅ ផ្ទះវិញ។

រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ម៉ោង១១៖៣០នាទី ប្រជាពលរដ្ឋឃើញសពកុមារារងគ្រោះនៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចបន្ទាប់មកការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រ, អង្គការ CPU និងលោកបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ កោសល្យវិច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញស្នាមរហែកសន្ទះអញ្ចាញ ធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង បញ្ជាក់ថា កុមារារងគ្រោះស្លាប់ដោយសារប៉ះទង្គិចផ្ទៃមុខ ធ្ងន់ធ្ងរ។

លុះដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១ សមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យ តែម្តង ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖