ភ្នំពេញ៖ លេចចេញសារសាទរជាច្រើនផ្ញើទៅកាន់តារាចម្រៀង សួស វីហ្សា ក្រោយពីនាង ត្រូវបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយនៅរសៀលថ្ងៃទី៧ មេសា នេះហើយនាងនឹង វិលត្រឡប់ទៅផ្ទះវិញក្រោយសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke អស់រយៈ ពេល១៧ថ្ងៃ។នេះបើតាមការបញ្ជាក់របស់គណនីហ្វេសប៊ុក សួស វីហ្សា បង្ហោះប្រាប់មហាជនឱ្យដឹង។
នាងបានបញ្ជាក់ថា បច្ចុប្បន្ន វីហ្សា ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់ ទៅផ្ទះវិញ។ ប៉ុន្តែតារាចម្រៀងស្រីរូបនេះត្រូវតែបន្តធ្វើចត្តាឡីស័ក នៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯង ចំនួន១៤ថ្ងៃបន្ថែមទៀត។ នាងបញ្ជាក់ថា ៖”សូមគោរពលោកតាលោកយាយអុំពូមីង ខ្ញុំមានដំណឹងល្អថ្ងៃនេះខ្ញុំ បានជា សះស្បើយពីជំងឺCOVID-19 ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតអោយខ្ញុំចាកចេញពីកន្លែង ព្យាបាលនៅសណ្ឋាគារ Great Dukeត្រឡប់ទៅផ្ទះវិញហើយ”។ក្រោយទទួលបានលទ្ធល្អបែបនេះ សួស វីហ្សា បានរៀបរាប់ថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមគ្រូពេទ្យជំនាញ ដែលបានយកចិត្តទុកដាក់មើលថែគ្រប់អ្នកជំងឺទាំងអស់ នឹងបានបំពេញបេសកម្មដ៏សស្រាក់សស្រាំនៅទីនេះចេញពីបេះដូង ដើម្បីការពាអាយុជីវិតប្រជាជនដែលកំពុងសម្រាកព្យាបាល។
គួរបញ្ជាក់ដែរថា ម្ចាស់បទ”វាសនាបុប្ផាស្វាយរៀង”គឺអ្នកនាង សួស វីហ្សា បានក្លាយជាតារាចម្រៀង បន្ទាប់ និងបុគ្គលទី៩នៅក្រុមហ៊ុនហង្សមាសដែលត្រូវបានរកឃើញជំងឺកូវីដ-១៩កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ ក្នុងនោះដែរមានបុគ្គលិក និងតារាចម្រៀងប្រចាំផលិតកម្មនេះជាច្រើនបានជាសះស្បើយពីជំងឺកូវីដ-១៩នេះហើយ។ទោះជាយ៉ាងណានៅថ្ងៃនេះដែរក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់៩១នាក់ ឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន៩០នាក់ ដែលភាគច្រើននៅរាជធានីភ្នំពេញ និងម្នាក់ទៀតជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស ខណៈអ្នកជាសះស្បើយមានចំនួន៣០នាក់។គិតត្រឹម ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៩១៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២៣៨៣នាក់, អ្នកជាសះស្បើយចំនួន ១៨២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៦៤នាក់, អ្នកស្លាប់ចំនួន ២២នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ-១៩ចំនួន ៥នាក់៕
ដោយ៖ វឌ្ឍនា