រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសបញ្ជីឈ្មោះតាមចាប់ខ្លួនបុគ្គលល្បីៗក្នុងសង្គមដែលបានប្រឆាំងយោធា គាំទ្រការធ្វើបាតុកម្ម ។ បណ្តាញព័ត៌មាន Global Nes Light ដែលគ្រប់គ្រងដោយយោធា កាលពីថ្ងៃទី៥ខែមេសា បានផ្សព្វផ្សាយពីបុគ្គលដែលមានឥទ្ធិពលនៅក្នុងសង្គម មានទាំងតារាចម្រៀង តារាភាពយន្ត តារាបង្ហាញម៉ូដ រហូតដល់បវរកញ្ញា គឺស្ថិតនៅក្នុងបញ្ជីឈ្មោះត្រូវចាប់ខ្លួនពីបទញុះញង់ប្រឆាំងយោធា និងបង្កហិង្សា។
តាមការលើកឡើងរបស់យោធា បុគ្គលល្បីៗ បានបំពានច្បាប់ មាត្រា ៥០៥ (A) នៃក្រមព្រហ្មទណ្ឌ ដោយបានផ្សព្វផ្សាយព័ត៌មានដែលប៉ះពាល់ដល់ស្ថិរភាព សន្តិសុខនៃប្រទេសជាតិ។ ប្រសិនបើដាក់ទោសនឹងត្រូវជាប់ពន្ធនាគាររហូតដល់៣ ឆ្នាំ។
បុគ្គលល្បីៗដែលគាំទ្របាតុកម្មប្រឆាំងយោធាមីយ៉ាន់ម៉ា ត្រូវបានយោធាតាមចាប់ខ្លួនតាំងពីខែកុម្ភៈ ប៉ុន្តែរហូតមកទល់ពេលនេះយោធាបានបង្កើនសកម្មភាពតាមចាប់ខ្លួន ដោយសារតែក្រុមតារាទាំងនោះ បង្កើនសកម្មភាពឃោសនា ញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងយោធា។ នៅពេលនេះមានបុគ្គលល្បីៗ រហូតដល់៦០នាក់ ស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់យោធា។
តារាសម្តែងដ៏ល្បី គឺនាង May Toe Khine បានលើកឡើង ក្រោយពេលឃើញឈ្មោះនាងនៅក្នុងបញ្ជីខ្មៅរបស់យោធាតាមចាប់ខ្លួន ដោយចោទថានាងប្រើប្រាស់បណ្តាញសង្គមដើម្បីញុះញង់ឱ្យពលរដ្ឋធ្វើបាតុកម្មប្រឆាំងយោធា ប៉ុន្តែធាតុពិតគឺនាងនិយាយអ្វីដែលជាការណ៍ពិតតែប៉ុណ្ណោះ។
ក្រៅពីនេះ គឺបវរកញ្ញា Miss Grand Myanmar នាង Han Lay អាយុ២២ឆ្នាំ ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅតាមចាប់ខ្លួនពីយោធាផងដែរ ក្រោយពេលនាងចូលរួមប្រឡងបវរកញ្ញាសន្តិភាពអន្តរជាតិ នៅប្រទេសថៃ ដោយនាងបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយដល់ពលរដ្ឋមីយ៉ាន់ម៉ា ក្រោយយោធាប្រើហិង្សាបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ។ បច្ចុប្បន្ននាង Han Lay ស្ថិតនៅក្នុងប្រទេសថៃ មិនហ៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះឡើយ ដោយខ្លាចត្រូវចាប់ខ្លួន។ បច្ចុប្បន្នមានបាតុករដល់ទៅ ៥៧០នាក់ស្លាប់ ក្នុងនោះមានកុមារ ៤៧នាក់៕ ដោយ៖ ធីរីណា
រូបភាព៖Reuters
រូបភាព៖AP