ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក បានចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅព្រំប្រទល់ខេត្តទាំង២ចំនុចក្នុង ក្នុងភូមិសាស្ត្រស្រុកកោះញែក និង ស្រុកកែវសីមា ។
លោកស្វាយ សំអ៊ាង មានប្រសាសន៍ថា ការចុះត្រួតពិនិត្យគោលដៅជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនសំរាប់ចែកជូនកងកម្លាំងប្រចាំការនៅគោលដៅនេះ ព្រមទាំងជំរុញឲ្យសមត្ថកិច្ចរឹតបន្តឹងការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ។
លោកអភិបាលខេត្តបានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ច អ្នកបានឈរជើងនៅគោលដៅខាងលើ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ។ លោកអភិបាលខេត្ត ក៏បានណែនាំដល់គណ:បញ្ជាការឯកភាពស្រុក ហាមឃាត់ការជួបជុំ ការរៀបចំពិធីផ្សេងៗ រួមទាំងពិធីនៅតាមវត្តអារាម និង ណែនាំអោយរមណីយដ្ឋាននានា ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ។
ចំពោះអ្នកចំណូលស្រុក ត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះ ឬ នៅមណ្ឌលចត្តាឡីស័ក អោយបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។
លោកអភិបាលខេត្តបានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសរាជរដ្ឋាភិបាល គិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូន គ្រួសារ និង សង្គមជាតិ ។ លោកអភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩ ។
នៅក្នុងឱកាសចុះត្រួតពិនិត្យគោលដៅទាំង២ខាងលើលោកអភិបាលខេត្ត ក៏បាននាំយកសម្ភារៈមួយចំនួនឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅគោលដៅទាំង២ខាងលើ រួមមាន៖ អង្ករ មី ទឹកសុទ្ធ ទឹកក្រូច អាល់កុល ម៉ាស់ ថវិកាចំនួន២លានរៀលក្នុង១គោលដៅ ។
ដោយឡែកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន១ លានរៀល ដល់សមត្ថកិច្ចឈរជើងនៅគោលដៅស្រុកកោះញែក តាមរយៈលោកស្នងការខេត្តផងដែរ ។
បន្ទាប់ពីការចុះពីត្រួតពិនិត្យគោលដៅឈជើងរបស់សមត្ថកិច្ចនៅចំណុចខាងលើលោកស្វាយ សំអ៊ាង បាននាំយកបច្ច័យ ចំនួន ១ពាន់ដុល្លារ ប្រគេនព្រះចៅអធិការវត្តដេអេ សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្តអារាម ផងដែរ ៕
ដោយ៖ សូរិយា