ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ក្រុង៖ អនុញ្ញាតឲ្យបុរស​ ៣នាក់​ ដែល​ផឹក​ស៊ី​ច្រៀងខារ៉ាអូខេ​ ល្មើសនឹងវិធានការក្រសួងសុខាភិបាល ត្រឡប់ទៅផ្ទះវិញ

ចែករំលែក៖

ភ្នំពេញ៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ធ្វើ​ការ​សាក​សួរ​ប្រជាពលរដ្ឋចំនួន ៣នាក់ ដែលនាំគ្នាជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ ល្មើសនឹងវិធានការ របស់ក្រសួងសុខាភិបាល ហើយ​ត្រូវ​កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ​ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ​ ដេីម្បីបន្តនីតិវិធីច្បាប់កាលពីថ្ងៃទី៦ ខែមេសា​ ឆ្នាំ​២០២១ថ្មីៗ​នេះ​ ត្រូវបានតុលាការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។ ប៉ុន្តែតម្រូវឲ្យមានការពិន័យអន្តរកាល។

គួររម្លឹកថា​ កាលពីថ្ងៃទី៤ ខែមេសា វេលាម៉ោងជាង ៥ល្ងាច កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ) នៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ដោយ​ជនសង្ស័យទី១-ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងម៉ាស៊ីនរោងចក្រ វួយឈែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ទី២-ឈ្មោះ ហូ រុនមុនី ភេទប្រុស អាយុ៣០ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ទី៣-ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។​ លុះនៅថ្ងៃទី៦​ ខែមេសា​ កម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជូនបុរស៣នាក់ ទៅតុលាការ​ ដេីម្បីបន្តនីតិវិធីច្បាប់។

បេីតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោកគុជ គឹមឡុង​បានឲ្យដឹងនៅយប់ថ្ងៃទី០៧ ខែមេសា​ ឆ្នាំ​២០២១ថា ប្រជាពលរដ្ឋទាំងបីនាក់ ដែលជួបជុំផឹកស៊ីច្រៀងខារ៉ាអូខេ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកតុលាការ គឺល្មើសនិងមាត្រា៣ នៃច្បាប់ស្តីពីកូវីដ។ ហើយទណ្ឌកម្មរបស់ពួកគាត់យោងតាមមាត្រា៥ គឺពួកគាត់មិនមានទណ្ឌកម្មជាប់ពន្ធនាគារទេ គឺតម្រូវឲ្យមានពិន័យអន្តរកាល។

អ្នកនាំពាក្យរូបនេះ​ បន្តថា ក្រោយពីសាកសួរតាមនីតិវិធីរួចលោក មុត តារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេចឲ្យខាងក្រសួងសុខាភិបាលជាសមត្ថកិច្ចនៅក្នុងការពិន័យអន្តរកាល។ ហើយបានឲ្យពួកគាត់ធ្វើកិច្ចសន្យានិងអប់រំឲ្យចូលរួមដើម្បីគោរពវិធានសុខាភិបាល និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ៕ ដោយ​៖ស​ តារា​


ចែករំលែក៖