ភ្នំពេញ៖ ពិតជាកាចសាហាវខ្លាំងណាស់ដែលបុរសម្នាក់ជិះកង់មកកាប់ជនបរទេសម្នាក់ជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ឈាមហូរស្រោចពេញខ្លួនដោយពុំទាន់ដឹងពីមូលហេតុ ហើយក្រោយធ្វើសកម្មភាពរួចជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលទៅ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០និង៣០នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩កែងនឹងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសជនជាតិបរទេសម្នាក់បានដើរនៅលើដងផ្លូវលេខ១៩ ស្រាប់តែលេចមុខជនដៃដល់ម្នាក់ជិះកង់មកក្បែររួចបានធ្វើសកម្មភាពទាញកាំបិតកាប់ទៅលើបុរសជនជាតិបរទេសជាច្រើនកាំបិតបណ្ដាលឲ្យដួលហូរឈាមពេញខ្លួនដេកនៅលើថ្នល់រងរបួសធ្ងន់ រួចជនដៃដល់បានរត់គេចខ្លួនដោយសុវត្ថិភាព។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុរួចក៏បានទំនាក់ទំនងទៅខាងរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ៕
ដោយ៖ជ្រោយ ពេជ្រ