ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡបានបង្ក្រាបឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំង ដកហូតសារធាតុញៀន៥០កញ្ចប់ ។
អធិការនគរបាលស្រុកគាស់ក្រឡ លោកវរសេនីយ៍ឯក ប៉ាង ហៀង បានឲ្យដឹងថា ស្រ្តីរូបនេះរួមជាមួយភស្តុតាងត្រូវកសាងសណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបង្រ្កាបបានកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទី នៅចំណុចភូមិ ព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង គន្ធា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តខេត្តបាត់ដំបងព្រមទាំង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ម៉ាទឹកកកICE) ចំនួន ៥០ថង់ មានទម្ងន់ ១៦,៩៩ក្រាម ទាំងសំបក, ទូរស័ព្ទដៃ ចំនួន ០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ និងសម្ភារៈច្រកចែករំលែកគ្រឿងញៀនមួយចំនួន ។
លោកអធិការបន្តថា ករណីនេះ សមត្ថកិច្ចនគរបាលស្រុកបាន រៀបចំបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ ប្រាថ្នា