ព័ត៌មានទាន់ហេតុការណ៍៖

លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត​ស្វាយរៀងដឹកនាំក្រុមការងារនាំយកសម្ភារមួយចំនួនជូនដល់រដ្ឋបាលស្រុកស្វាយជ្រំដើម្បីចាត់ចែងប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍

ចែករំលែក៖

  ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ លោក នួន លីហួន ​ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​ស្វាយរៀង​ និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរ បានដឹកនាំក្រុមការងារយុវជនគណបក្សរបស់​មន្ទីរ នាំយកសម្ភារមួយចំនួនទៅជូនដល់រដ្ឋបាលស្រុកស្វាយជ្រំ ដើម្បីចាត់ចែងប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ជាពិសេសគោលដៅស្រុកស្វាយជ្រំ មានមន្ទីរពេទ្យកំពុងដាក់ការព្យាបាលអ្នកជំងឺ COVID-19 ផងដែរ។

   លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំបានថ្លែងអំណរគុណចំពោះលោកនួន លីហួន ​ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​ស្វាយរៀង​ និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរ និងក្រុមការងារដែលបានចូលរួមបរិច្ចាគនូវអំណោយសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជូនដល់រដ្ឋបាលស្រុក ដែលសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។

   លោកបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននេះ រដ្ឋបាលស្រុកនិឹងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

   លោក ហែម សារិទ្ធ បន្ថែមថា ដើម្បីយកឈ្នះកូវីដ-១៩ សូមប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ ៣ការពារ ៣កុំ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួនបំផុត។

  សូមបញ្ជាក់ថា សម្ភារទាំងនោះរួមមាន៖

-ម៉ាស់២កេស ស្មើនឹង ៥.០០០ម៉ាស់

-អាល់កុល១៤០ដប ស្មើនឹង ៧០លីត្រ

-ដបដាក់អាល់កុលចំនួន២០ដប

-ទឹកបរិសុទ្ធចំនួន៥០យួរ ស្មើនឹង៦០០ដប​៕

ដោយ៖យឹម សុថាន


ចែករំលែក៖