ខេត្តបាត់ដំបង៖ ថ្លែងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការការងារយោធាសន្តិសុខឆ្នាំ២០២១ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២
នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ បានក្រើនរំឭកថាគ្រួសារទ័ពនឹងទទួលវ៉ាក់សាំងការពារកូវីដ-១៩ ពីរាជរដ្ឋាភិបាលនៅពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។
ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានធ្វើការកោតសរសើរដល់កម្លាំងកងការពារព្រំដែនលេខ៥០២ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន។
ត្រូវបន្តធ្វើការហ្វឹកហ្វឺនដល់នាយទាហានវ័យក្មេងសម្រាប់ត្រៀមខ្លួនក្នុងការបន្តវេន ហើយនាយទាហានវ័យក្មេងត្រូវតែប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ជក់យកបទពិសោធន៍ពីនាយទាហានដែលត្រៀមចូលនិវត្តន៍ដើម្បីបានទាំងចំណេះដឹង បានទាំងបទពិសោធន៍ជាទុនសម្រាប់អនុវត្តការងារឲ្យបានល្អប្រសើរ។
ត្រូវចូលរួមធ្វើការទប់ស្កាត់បទល្មើសខុសច្បាប់ពិសេសបទល្មើសព្រៃឈើនិងការកាប់ទន្ទ្រានដីខុសច្បាប់។
នៅក្នុងនោះសាមីអង្គភាពត្រូវបង្កើនការផ្សព្វផ្សាយអប់រំចិត្តសាស្ត្រដល់ទាហានក្រោមឱវាទ កុំចាញ់ឧបាយកល របស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលតែងតែបង្កើតព័ត៌មានបំផ្លើសបំពុលដល់សង្គម ។
អង្គភាពមិនត្រូវឲ្យមានកងទ័ពណាប្រើប្រាស់ ជួញដូរគ្រឿងញៀន បើមានត្រូវដេញចេញពីជួរកងទ័ព។
ត្រូវអប់រំដល់កងទ័ពឲ្យបង្កើនឆន្ទៈ ស្មោះត្រង់ ជាតិ សាសនា ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងពិធីនេះមានការជូនប័ណ្ណសរសើរ ដល់បុគ្គលដែលមានស្នាដៃសម្រេចការងារល្អឆ្នាំ២០២០កន្លងមក។
លោកមេបញ្ជាការក៏បានផ្តាំផ្ញើចុងក្រោយដល់កងទ័ពក្នុងកងការពារព្រំដែនលេខ៥០២ ឱ្យបង្កើនការផ្សព្វផ្សាយនិងអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាបទបញ្ជារបស់សម្ដេចតេជោ រក្សា៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍ក៏ដូចជាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ៕
ដោយ៖ សូរិយា