ព័ត៌មានទាន់ហេតុការណ៍៖

ស័ង្កសីអំណោយរបស់លោកមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១៨ខ្នង ស្រុកចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅយប់ឆ្លងចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៨ខ្នង ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ  និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ របស់កងពល ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ពៅ លន់ មេបញ្ជាការរងកងពល នាំយកអំណោយស័ង្កសីរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សរុបចំនួន២១៤សន្លឹក ដើម្បីជួយរុះរើ និងជួសជុលជូនប្រជាពលរដ្ឋឡើងវិញ សហការជាមួយកម្លាំង ស្នងការនគរបាល អាជ្ញាធរមូលដ្ឋាន  រួមគ្នាជួយប្រជាពលរដ្ឋមួយចំនួនទៀត។

សូមជម្រាបជូនផងដែរថា អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ក្នុងការត្រៀមលក្ខណៈជាមុនដើម្បីជួយប្រជាពលរដ្ឋជួបការលំបាកផ្សេងៗ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក្រោមការដឹកនាំបញ្ជារបស់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល ដែលក្រៅភារកិច្ចស្នូល និងប្រតិបត្តិការ បេសកកម្មទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ គឺបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងចម្រុះក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖