ភ្នំពេញ៖ ថ្មីៗនេះការប្រកាសផ្លាស់ប្តូរឈុតតំណាងជាតិសម្រាប់រ៉េត សារីតាគ្រង ចូលរួមប្រកួតកញ្ញាឯកចក្រវាឡពិភពលោកយ៉ាងប្រញាប់ប្រញ៉ាល់ ពីឈុត”ល្ខោនតុក្កតាខ្មែរ” មកប្រើប្រាស់ឈុតទេពរួបរួម បង្កើតឲ្យមានការភ្ញាក់ផ្អើល និងលេចចេញមតិចម្រូងចម្រាសច្រើន។ ស្របគ្នានេះដែររូបភាពនៃការគ្រងឈុតទេពរួបរួម របស់កញ្ញា លឹម សាំងលី ត្រូវបានចែកចាយជាថ្មីពេញបណ្តាញសង្គម បណ្តាលឲ្យមានការកាត់តមុខមាត់ រ៉េត សារីតា មកដាក់ពីលើមុខ លឹម សាំងលី រហូតនាងចេញប្រតិកម្មមួយចំនួនជុំវិញការកាត់តនេះ និងក្រោយពីរូបភាពកាត់តជាច្រើនត្រូវបានបង្ហោះពេញបណ្តាញសង្គមហ្វេសប៊ុក Instargram Tiktok youtube នោះជាដើម។
គេចាំបានដែរថា លឹម សាំងលី គឺជាអតីតជ័យលាភីរងទី១ លើការប្រកួតកម្មវិធី Miss Planet Cambodia 2019 និងបានដាក់ពាក្យចូលរួមប្រកួត Miss Universe Cambodia 2020 ដោយនាងបានគ្រងឈុតទេពរួបរួម ហើយឈុតនេះឈ្នះការប្រកួតជាឈុតតំណាងជាតិល្អបំផុតផងដែរ។ នាងបានបោះបង់ឱកាសបន្តប្រកួតម្តងទៀតក្រោយពីនាងបានរៀបមង្គលការកាលពីថ្ងៃទី០៣ខែមីនាកន្លងទៅនេះ។ អតីតបេក្ខភាពកញ្ញាឯកចក្រវាឡកម្ពុជារូបនេះបានបញ្ចេញប្រតិកម្ម ដោយស្នើសុំឲ្យបញ្ឈប់ការកាត់តរូបថតនាងដែលមានសភាពរញ៉េរញ៉ៃ ហើយប្រសិនបើចង់បង្ហោះរូបថតនាងបង្ហោះចុះមិនចាំបាច់កាត់តអ្វីទេ ហើយក្រុមហ៊ុនរៀបចំផលិតនឹងធ្វើការថតរូបថ្មីហើយ គួរជួយរក្សាសិទ្ធិឲ្យម្ចាស់រូប និងម្ចាស់ខ្លួនគេផង។
គួរបញ្ជាក់ដែរថា ក្រោយពីការបង្ហាញរូបគំនូរឈុតតំណាងជាតិរបស់កញ្ញាឯកចក្រវាឡកម្ពុជាគឺឈុត”ល្ខោនតុក្កតាខ្មែរ” រយៈពេលមួយខែត្រឹមនោះ ស្រាប់តែមានការប្រកាសធ្វើការផ្លាស់ប្តូរភ្លាមៗយ៉ាងតក់ក្រហល់ខណៈដែលកម្មវិធីប្រកួតខិតជិតចូលមកដល់។ ឈុតដែលត្រូវជំនួសនោះគឺឈុត”ទេពរួបរួម”វិញ ដែលជាឈុតទទួលបានជ័យជម្នះលើការប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២០កន្លងមក។ ឈុតនេះត្រូវបាននិងកំពុងកែសម្រួលឡើងវិញដើម្បីបង្កើនភាពស្រស់ស្អាតទាក់ទាញ មុនពេលបង្ហាញជាសាធារណៈនោះ៕
ដោយ៖ វឌ្ឍនា