ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ ! ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកមណ្ឌលចាក់វ៉ាក់សាំងជូនកម្មករនិយោជិត ចំនួន៤ទីតាំងបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ បានបើកដំណើរការមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសហព័ន្ធសហជីព សហភាពសហជីព សមាគមនិយោជក និងអង្គការវិជ្ជាជីវៈនានា ជាពិសេសបងប្អូនកម្មករនិយោជិតខ្មែរ និងបរទេស ចំនួន៤ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន សួនឧស្សាហកម្មវឌ្ឍនៈ១ (ផ្លូវវេងស្រេង), រោងចក្រសិនចូវ(ផ្លូវវេងស្រេង), សួនឧស្សាហកម្មវឌ្ឍនៈ២(ផ្លូវជាតិលេខ៣), និងរោងចក្រ Marvel។

យុទ្ធនាការចាក់វ៉ាក់សាំងនេះរៀបចំឡើងដោយអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងធានាឱ្យបាននូវសុខភាព សុខុមាលភាព និងសុវត្ថិភាពជូនដល់មន្ត្រីរាជការ សហជីព និយោជក និងបងប្អូនកម្មករ និយោជិតទាំងអស់គ្នា។ ដំណើរការនៃការផ្តល់វ៉ាក់សាំងបានប្រពឹត្តិទៅដោយរលូន ប្រកបដោយស្មារតីអនុគ្រោះកម្រិតខ្ពស់ រក្សាឱ្យបាននូវសុវត្ថិភាព ដោយអនុវត្តតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖ « មណ្ឌលចាក់វ៉ាក់សាំងចំនួន ៤ ទីតាំងដែលត្រូវបើកបន្ថែមទៀតនៅថ្ងៃនេះ ដែលអាចនឹងចាក់ជូនបងប្អូនកម្មករនិយោជិតប្រមាណ ៣៥០០ នាក់ ក្នុងមួយថ្ងៃ ។ ដូចនេះក្នុងមួយថ្ងៃ ទាំង៨មណ្ឌល យើងនឹងអាចចាក់ជូនកម្មករនិយោជិតកើនដល់ ៧០០០នាក់ក្នុងមួយថ្ងៃ។ ហើយបើតាមផែនការ ចាប់ពីសប្តាហ៍ក្រោយទៅ យើងគ្រោងនឹងពង្រីកមណ្ឌលចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីអាចចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតឱ្យបាន ១០ ០០០ ទៅ១២ ០០០នាក់ក្នុងមួយថ្ងៃ។

លោក ហេង សួរ បញ្ជាក់បន្ថែមថា នៅរាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់វ៉ាក់សាំង ចំនួន២០ម៉ឺនដូសក្នុងខែមេសានេះ ហើយបន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកណ្តាលដែលយើងត្រូវសម្រុកចាក់ជូនបងប្អូនកម្មករ និយោជិត ព្រោះខេត្តនេះមានភាពប្រទាក់ក្រឡាគ្នា មានការចេញចូលចម្រុះ ដូច្នេះយើងត្រូវគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់យើងឲ្យបានរឹងមាំសិន ទើបយើងពង្រីកទៅកាន់ខេត្តដទៃទៀត គឺខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តតាកែវ ជាខេត្តគោលដៅដែលយើងកំណត់ជាខេត្តអាទិភាពបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ទន្ទឹមនេះដែរ លោក ក៏បានអំពាវនាវឲ្យបងប្អូនកម្មករនិយោជិតដែលមិនទាន់បានចាក់វ៉ាក់សាំង សូមមេត្តារួសរាន់ចុះឈ្មោះជាមួយរដ្ឋបាលរោងចក្រ និងរង់ចាំទទួលកម្មវិធីផ្តល់វ៉ាក់សាំង តាមការរៀបចំរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពារសហគមន៍យើង កុំឱ្យជំងឺកូវីដ-១៩ វាយលុកចូលទៅក្នុងខ្លួនយើង ចូលទៅក្នុងផ្ទះរបស់យើង និងចូលក្នុងសង្គមជាតិរបស់យើង ដែលអាចបង្កមហន្តរាយដល់សុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។

គួរជម្រាបជូនផងដែរថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ រួមមាន៖
– អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩ ១១៦នាក់(បរទេសចំនួន ៣៤៨នាក់)
– ចាក់បានចំនួន ៨ ៨៧៥នាក់(បរទេសចំនួន ៣៤៨នាក់)
– គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ២៤១នាក់(បរទេសចំនួន ០នាក់)៕

ដោយ ៖ សិលា


ចែករំលែក៖